(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ទំនង មានការលំបាកលើការផ្ទេរកម្មសិទ្ធិរថយន្ត ហើយមើលទៅ ក៏បានផ្ញើខ្លឹមសារមួយចំនួន មកកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News សុំឲ្យចុះផ្សាយដើម្បីដឹងដល់សម្តេចនាយករដ្ឋមន្រ្តីផងថា អ្វីដែលសម្តេចប្រកាសពីរឿងផ្ទេរកម្មសិទ្ធិយានយន្ត ដល់រាស្រ្តនោះ គឺដំណើររត់ការមិនងាយស្រួលនោះឡើយ ពីព្រោះត្រូវចំណាយពេល ទៅមន្ទីរសាធារណការផង និងទៅនាយកដ្ឋានពន្ធដារផង យ៉ាងហោចណាស់ ក៏ចំណាយពេល២ទៅ៣ថ្ងៃផងដែរ។

តាមរយៈការត្អូញត្អែរខាងលើនេះ ប្រជាពលរដ្ឋចង់ ឲ្យសម្តេចនាយករដ្ឋមន្រ្តី សម្រួលនៃការធ្វើរឿងមួយនេះ នៅតែមួយកន្លែងដើម្បីងាយស្រួល កាន់តែខ្លាំង បើដូច្នេះទេ មានតែពួកគាត់ពឹងលើអ្នករត់ការដដែលជាដដែលហើយ។ ដោយមិនចង់រៀបរាប់ច្រើន អង្គភាពព័ត៌មាន Fresh News សូមបង្ហោះខ្លឹមសារទាំងស្រុង របស់ប្រជាពលរដ្ឋរូបនេះ ដូចខាងក្រោម៖

បន្ទាប់ពីបានឃើញក្នុងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិរថយន្ត ដែលរកម្ចាស់មិនឃើញ ត្រង់ប្រការ៣ ចំណុច៤ តម្រូវឲ្យមានបង្កាន់ដៃពន្ធប្រថាប់ត្រា។ ខ្ញុំខំទាក់ទងទៅមន្ត្រីនៅនាយកដ្ឋានពន្ធដារសួរពីរបៀបបង់ពន្ធប្រថាប់ត្រា និងសួរបញ្ជាក់ថា ត្រូវការឯកសារអ្វីខ្លះ? គាត់គ្រាន់តែប្រាប់ថា យកប័ណ្ណសំគាល់រថយន្ត និងឯកសារទិញលក់ច្បាប់ដើម និងឲ្យមកបង់មកមិនអីទេ។ ដំបូងគិតថា បង់ពន្ធប្រថាប់ត្រារួចហើយ ចាំទៅធ្វើសំណុំឯកសារផ្ទេរកម្មសិទ្ធិរថយន្ត ពីខាងសាធារណការ និងដឹកជញ្ជូនតែម្តងជាការស្រេច។

ស្រាប់ពេលទៅដល់នាយកដ្ឋានពន្ធដារ មន្ត្រីទទួលបន្ទុកបង់ពន្ធប្រថាប់ត្រា តម្រូវឲ្យទៅធ្វើសំណុំឯកសារផ្ទេរកម្មសិទ្ធិរថយន្តពីខាងសាធារណការ និងដឹកជញ្ជូនជាមុនសិន ទើបយកមកបង់ពន្ធបាន ហើយត្រូវយកឯកសារផ្ទេរកម្មសិទ្ធិរថយន្ត រួមទាំងបង្កាន់ដៃពន្ធប្រថាប់ត្រា ទៅខាងសាធារណការ និងដឹកជញ្ជូនវិញ។ បើគិតទៅៗត្រូវចំណាយពេលយ៉ាងតិចក៏២ថ្ងៃដែរ គ្រាន់តែផ្ទេរកម្មសិទ្ធិរថយន្តមួយ។

ឥឡូវមានអារម្មណ៍ថា ហត់ និងសម្រេចថា ឈប់កាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិរថយន្តនេះហើយ ព្រោះចំណាយពេលច្រើនថ្ងៃពេក។ ហើយមើលទៅមានតែអ្នករត់ការទេ ទើបធ្វើរឿងនេះស្រួល។ ហើយតើហេតុអ្វីមិនឲ្យកន្លែងតែមួយ ធ្វើដំណើការផ្ទេរកម្មសិទ្ធិរថយន្ត តាំងពីដើមដល់ចប់? ដូច្នេះសូមសម្តេចតេជោ ហ៊ុន សែន ជួយសម្រួលរឿងនេះជូនប្រជាពលរដ្ឋ របស់សម្តេចផង៕