(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមកពីក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា បានរួមសហការគ្នា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ឧបករណ៍ជ្រើសរើសហានិភ័យអាកាសធាតុ» ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុង ការពារហានិភ័យ នៃអាកាសធាតុនៅកម្ពុជា។

សិក្ខាសាលានេះ នឹងត្រូវរៀបចំឡើង នៅវេលាម៉ោង ៧៖៣០នាទីព្រឹក នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា រាជរាធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ។

យោងតាមសេចក្តីជូនព័ត៌មាន រួមរបស់ក្រសួងបរិស្ថាន និង ធនាគារ ADB បានបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺដើម្បីពិនិត្យមើល លើឧបករណ៍ជ្រើសរើសហានិភ័យអាកាសធាតុ ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសនានា ហើយក៏ដើម្បីពិភាក្សា និងវិនិច្ឆ័យបញ្ចីជ្រើសរើស ក្នុងវិស័យសំខាន់ៗចំនួន៣ទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដើម្បីកសាង និងកំណត់ឧបករណ៍ជ្រើសរើសហានិភ័យអាកាសធាតុ ដែលស្របតាម វិស័យធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ការបង្កើត «ឧបករណ៍ជ្រើសរើសហានិភ័យ អាកាសធាតុ»នេះ គឺជាមធ្យោបាយសំខាន់ ដើម្បីប្រើប្រាស់ក្នុងការវាយតម្លៃហានិភ័យ អាកាសធាតុឲ្យមានប្រសិទ្ធភាព និងជាសេចក្តីត្រូវការសម្រាប់​ការវាយតម្លៃ ភាពងាយរងគ្រោះដទៃទៀត ក្នុងការអនុវត្តគម្រោងដែល កំពុងតែរៀបចំនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ការកំណត់ ឧបករណ៍ជ្រើសរើសហានិភ័យ អាកាសធាតុនេះនឹងបំពេញបន្ថែម លើឧបករណ៍ជ្រើសរើសសង្គម និងបរិស្ថានជាទូទៅដែលកំពុង តែបានប្រើប្រាស់ដោយក្រសួងបរិស្ថាន៕