(ភ្នំពេញ)៖ ប្រជាពលរដ្ឋខេត្តកែបបានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ ទឹកសមុទ្រនៅខេត្តកែប បានប្រែពណ៌ខុសពីធម្មតា ដោយមានពណ៌ទឹកឡើងលឿង ហើយបណ្តាលឱ្យសត្វសមុទ្រមួយចំនួន ដូចជាក្តាម បង្គារជាដើម ងាប់ជាបន្តបន្ទាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន មានភាពភ្ញាក់ផ្អើល។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជា អ្នកទៅកម្សាន្តនៅមាត់សមុទ្រខេត្តកែប ដោយសារតែទឹកសមុទ្រមានក្លិនឆ្អាប ហើយរមាស់។ ពួកគេសង្ស័យថា ទឹកសមុទ្រនេះមានសារធាតុមិនល្អ។

ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តកែប បានអះអាងថា មន្ត្រីជំនាញបរិស្ថាន និងមន្ត្រីជលផល កំពុងធ្វើការត្រួតពិនិត្យតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ។ ប្រភពខាងលើ បាននិយាយថា ការដែលធ្វើឱ្យទឹកសមុទ្រឡើងពណ៌លឿងពេលនេះ អាចមានប្រភពមកពីតំបន់ព្រែកចាកជិតបង្គោលព្រំដែន៣១៤។

ទោះជាយ៉ាងណា អាជ្ញាធរ មិនទាន់ដឹងថា ទឹកសមុទ្រពណ៌លឿងនេះ មានសារធាតុពុល ឬអត់នោះទេ ដោយអះអាងថា នឹងធ្វើការវិភាគឱ្យបានច្បាស់លាស់៕