(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានព្រមានមិនចុះបញ្ជីជូនគណបក្សបេះដូងជាតិ ជាគណបក្សមួយដែលបង្កើតឡើងដោយសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ បើសិនជាគណបក្សនេះមិនកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយផ្ញើជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេល១៥ថ្ងៃ។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតសម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមកលោកថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹក ចំនួន២(ពីរ)លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈ គណបក្សតាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិត ជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើ ជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឺងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះ ឈ្មោះ គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ»៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងមហាផ្ទៃ៖