(ប៉ារីស)៖ ជនសង្ស័យដែលរួចផុត ពីសេចក្តីស្លាប់ក្នុង ទីក្រុងប៉ារីសឈ្មោះ Salah Abdeslam ដែលត្រូវបានអាជ្ញាធរបែលហ្ស៊ិក ព្រមទាំងបារាំងសហការគ្នា ចាប់ខ្លួនបានកាលពីខែមីនា កន្លងទៅនេះ បានសារភាពថា លោកមិនដាច់ចិត្ត បំផ្ទុះខ្លួនឯងនោះទេ ព្រោះលោកចង់សង្គ្រោះជីវិត មនុស្សជាច្រើន ផ្សេងទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសារភាពផ្ទាល់ដោយប្អូនប្រុសរបស់ Salah។

លោក Mohamed Abdeslam ដែលត្រូវជាប្អូនប្រុសរបស់ជនសង្ស័យខាងលើនេះ បានផ្តល់បទ សម្ភាសន៍ដល់ទូរទស្សន៍បារាំង BFMTV បន្ទាប់ពីបានចូលទៅសួរសុខទុក្ខលោក Salah ក្នុងពន្ធនាគារ ប្រទេសបែលហ្ស៊ិក ស្របពេលដែលជនសង្ស័យរូបនេះ កំពុងតែត្រូវបានអាជ្ញាធររៀបចំបែបបទ បញ្ជូនមកកាត់ទោសនៅប្រទេសបារាំងវិញ។

លោក Mohamed បានបញ្ជាក់ពីសម្តីបងប្រុសខ្លួនក្នុងពន្ធនាគារដូច្នេះថា «ជនរងគ្រោះនឹងមាន ច្រើនជាងនេះទៀត ប្រសិនបើខ្ញុំបំផ្ទុះ ខ្លួនឯង។ វាសំណាងណាស់ហើយ ដែលខ្ញុំមិនបានប្រព្រឹត្ត វាឡើងនោះ។»

គួរបញ្ជាក់ថា ការវាយប្រហារដោយកាំភ្លើង និង បំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនៅទីក្រុង ប៉ារីស ប្រទេសបារាំងកាលពីថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ និង ឆក់យកជីវិតមនុស្ស ១៣០៕