(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សិក្សាបន្ថែមអំពីលទ្ធភាពការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ឆ្នាំ ទៅអាយុ៦ឆ្នាំ ដែលមានចំនួន ៩១៥,០៤៦នាក់ នៅក្នុងប្រទេសកម្ពុជា ខណៈដែលពួកគេត្រូវចូលសិក្សាថ្នាក់មត្តេយ្យ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។
ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំយ៉ាងដូច្នេះថា៖ «ទាក់ទិននឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ក្មេងដែលមានអាយុ៣ ទៅ៦ឆ្នាំ ក្នុងនោះយោងទៅលើអ្វីដែលជាកិច្ចការទៅខាងមុខ ដែលខ្ញុំត្រៀមនឹងជម្រាប គឺមានការសុំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់ធ្វើការសិក្សាបន្ថែម លើលទ្ធភាពចាក់វ៉ាក់សាំងលើកុមារ ដែលមានអាយុ៣ឆ្នាំ ទៅ៦ឆ្នាំ ដែលចំនួន ៩១៥,០៤៦នាក់ ហើយរាយការណ៍ឱ្យខ្ញុំ […] នេះជាកិច្ចការទី១ ដែលត្រូវធ្វើនៅពេលខាងនេះ ដែលត្រៀមជម្រាប អញ្ចឹងចាត់ទុកថាបានប្រគល់ការងារនេះឱ្យគណៈកម្មការចំពោះកិច្ច និងអ្នកជំនាញជាន់ខ្ពស់ផ្នែកសិក្សាអំពីការចាក់វ៉ាក់សាំង»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការរៀបចំសិក្សាពីលទ្ធភាពចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំ គឺជាកិច្ចការទី១ ដែលត្រូវធ្វើនៅពេលខាងមុខនេះ ដូច្នេះ គឺបានប្រគល់ការងារនេះទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវីដ១៩ ព្រមទាំងអ្នកជំនាញជាន់ខ្ពស់ផ្នែកវេជ្ជសាស្ត្រ ដើម្បីសិក្សាអំពីការចាក់វ៉ាក់សាំង ដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុ៦ឆ្នាំ។
ជុំវិញការត្រៀមលទ្ធភាពសម្រាប់សិក្សាចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារមានយុ៣ឆ្នាំ ទៅដល់អាយុ៦ឆ្នាំនេះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃអាចនឹងប្រើប្រាស់វ៉ាក់សាំងប្រមាណ ២លានដូស ខណៈកុមារទាំងនេះអាចចូលសិក្សាថ្នាក់មតេយ្យសិក្សាបានជាដើម។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់ផ្នែកវ៉ាក់សាំង រកឃើញថាវ៉ាក់សាំងកូវីដ១៩ អាចចាក់ជូនដល់កុមារដែលមានអាយុ៣ឆ្នាំ ទៅអាយុ៦ឆ្នាំ បាន ក្នុងនាមរាជរដ្ឋាភិបាល គឺមិនខ្លាចត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងមកជូនកុមារកម្ពុជាជាង៩១ម៉ឺននាក់នោះទេ។
សូមជម្រាបថា តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន។
សម្តេចក៏បានគូសបញ្ជាក់ក្នុងសារសំឡេងនោះថា កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះមានចំនួនប្រមាណ ១លាន ៨០ម៉ឺននាក់។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។
គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៥២៧,០៣៣នាក់។
រយៈពេល៤៧ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧២១,៩២៤នាក់នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៥២៧,០៣៣នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា)៕