(ភ្នំពេញ)៖ នៅអំឡុងរដ្ឋសភាពិភាក្សានិងអនុម័តច្បាប់សហជិព នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ សហជីពគ្រោងធ្វើយុទ្ធនាការទ្រទ្រាយធំមួយ ដើម្បីប្រឆាំងទៅនឹងការអនុម័តច្បាប់នេះ ដោយក្នុងនោះមានការជួបជុំគ្នានៅខាងមុខរដ្ឋសភា និងតាមបណ្តារោងចក្រនានាផងដែរ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។

លោក ប៉ាវ ស៊ីណា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ខាងមុននេះ អង្គការជាង២០ស្ថាប័ន អង្គការសង្គមស៊ីវិល រួមជាមួយស្ថាប័នដែលពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំឲ្យមាន យុទ្ធនាការទ្រង់ទ្រាយធំមួយ នៅខាងមុខរដ្ឋសភាដើម្បីតវ៉ាប្រឆាំងលើ សេចក្តីព្រាងច្បាប់សហជីព ដ៏ចម្រូងចម្រាស។ ក្រៅពីយុទ្ធនាការតវ៉ាខាងលើ លោក ប៉ាវ ស៊ីណា បានបន្តថា កម្មករ កម្មការិនីជាច្រើនទៀត ក៏គ្រោងនឹងរៀបចំ ឲ្យមានការតវ៉ា នៅតាមរោងចក្រ សហគ្រាសមួយចំនួន នៅក្នុងរាជធានីភ្នំពេញដែរ។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា «ជាគោលជំហរខ្ញុំ និងក្រុមសហជីពមួយចំនួនទៀត យល់ឃើញថា សេចក្តីព្រាងច្បាប់សហជីពគឺបានរឹតត្បិត សិទ្ធិសេរីភាព នៃការចងក្រង បាត់បង់សិទ្ធិ សេរីភាព ក្នុងការចរចា, និងការចរចាដោយសន្ដិវិធីត្រូវបានបំពានដោយច្បាប់។ ច្បាប់នេះ បានរំលោភទៅលើ សន្ធិសញ្ញា របស់អង្គការ ILOដែល រាជរដ្ឋាភិបាល បានផ្ដល់បត្យាប័ណ្ណ ហើយវាក៏បានរំលោភដល់ច្បាប់ស្ដីពីការងារសូម្បីតែអន្ដរជាតិ ក៏ទទួលស្គាល់ថា ច្បាប់នេះ បានរំលោភលើសន្ធិ សញ្ញាអង្គការ ILOផងដែរ»

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ រូបនេះ បានស្នើឲ្យរដ្ឋសភាជាតិពន្យារពេលអនុម័ត លើសេចក្តីព្រាងច្បាប់សហជីពសិន ដើម្បីពិនិត្យមើលឲ្យបានស៊ីជំរៅថា តើសេចក្តីព្រាងច្បាប់នេះ មានឥទ្ធិពលដល់កំរិតណា ដល់សិទ្ធសេរីភាពរបស់សហជីព?

យ៉ាងណាក៏ដោយ លោក ប៉ាវ ស៊ីណាប្រកាន់ជំហរថា បើការតវ៉ានេះ នៅតែមិនទទួលបានលទ្ធផលនោះ ក្រុមសហជីព នៅតែបន្តសកម្មភាពរបស់ខ្លួនទៅមុខទៀត ដោយលើកនេះ លោក នឹងស្នើឲ្យអ្នកបញ្ជាទិញ និងដៃគូពាណិជ្ជកម្មធំៗ ចូលរួមសហការ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់សហជីពនេះ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីសហជីព នឹងត្រូវរដ្ឋសភា លើកយកទៅពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងរបៀបវារៈ ការបោះឆ្នោតគាំទ្រលើសមាសភាព សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីសហជីព មាន១៧ជំពូក និង ៩១មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព និងនិយោជកបានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះច្បាប់នេះ៕