(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិត និងជានាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានចេញមកបំភ្លឺថា ការរួបរួម នឹងមិនអាចធ្វើទៅបានជាមួយនឹង អ្នកនយោបាយដែលរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់បាននោះឡើយ ខណៈដែលច្បាប់បានកំណត់ឱ្យមានទោស បើពាក់ព័ន្ធនឹងការផ្សំគំនិត ឬរួមគំនិតក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋ ជាមួយជនទាំងនោះ។

ការបំភ្លឺរបស់មនុស្សជំនិតលោក កឹម សុខា បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីអតីតដៃគូរបស់ខ្លួន គឺ លោក សម រង្ស៉ី និងបក្ខពួក បានបន្តផ្សព្វផ្សាយរូបភាព លោក សម រង្ស៉ី ចាប់ដៃជាមួយ លោក កឹម សុខា ពេលបង្កើតគណបក្សសង្រ្គោះជាតិ ដោយឃោសនាអមជាមួយពាក្យស្លោកមួយថា «សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ»។

លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «អ្នកដឹកនាំនយោបាយ ឬបុគ្គលជាពលរដ្ឋបដិបត្តិច្បាប់ មិនអាចរួបរួមជាមួយអ្នកដឹកនាំនយោបាយ ឬបុគ្គលណាដែល រំលោភបំពានរដ្ឋធម្មនុញ្ញ ច្បាប់ និងស្ថាប័នរដ្ឋ ឬជាជនដែលតស៊ូមតិឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម និងការរើសអើង ព្រោះវានឹងនាំឱ្យប្រទាំងប្រទើសជាមួយនឹងបញ្ញត្តិច្បាប់ ហើយបើទោះបីជាចង់ក៏ពិបាកនឹងសម្រេចទៅបានដែរ។ ឧទាហរណ៍ជាក់ស្តែង ច្បាប់ចែងកំណត់អំពីទោសទណ្ឌពាក់ព័ន្ធនឹងបទផ្សំគំនិត ឬរួមគំនិតក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋ ដូច្នេះការរួបរួមជាមួយជនទាំងឡាយណាដែលបានបំពានច្បាប់ ឬត្រូវបានតុលាការផ្តន្ទាទោសរួច ពិតជាមិនអាចទៅរួច ព្រោះច្បាប់កំណត់ខ័ណ្ឌសីមាពីរផ្សេងគ្នា»

លោក មុត ចន្ថា បានពន្យល់បន្ថែមថា ការរួបរួមរឹតតែមិនអាចធ្វើទៅបានជាមួយអ្នកដឹកនាំនយោបាយ ឬបុគ្គលទាំងឡាយណាដែលច្បាប់ហាមឃាត់ (មើលច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ) លុះត្រាតែក្នុងករណីមាននីតិសម្បទាច្បាប់ឡើងវិញ តាមរយៈការបំពេញទោសពន្ធនាគារចប់សព្វគ្រប់ ឬការប្រោសព្រះរាជទាននូវការលើកលែងទោស ហើយក៏អាចក្នុងលក្ខខណ្ឌដែលពួកគេមានភាពស្មោះត្រង់ និងឆន្ទៈសុចរិត ដើម្បីការរួបរួមពិតប្រាកដ ដើម្បីបុព្វហេតុឯកភាពជាតិ និងឧត្តមប្រយោជន៍ជាតិ។

ដោយទំនងសំដៅទៅកាន់ លោក សម រង្ស៉ី ដែលត្រូវបានតុលាការកាត់ទោសជាច្រើនករណី ជាពិសេសពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ, លោក មុត ចន្ថា បានលើកឡើងថា អ្នកដឹកនាំនយោបាយ ឬអ្នកនយោបាយខ្លះបានដឹងច្បាស់អំពីចេតនានៃច្បាប់ដែលត្រូវបានគេតាក់តែង និងអនុម័តមក ប៉ុន្តែនៅតែកំដរលេងដោយទង្វើផ្គើនប្រឆាំងនឹងច្បាប់ដែលបន្តក្លាយខ្លួនជាអ្នករំលោភច្បាប់ម្តងហើយម្តងទៀត។ បើសិនជាពួកគេចង់ស្វែងរកការរួបរួម ហេតុអ្វីពួកគេបន្តសាងកំហុសច្បាប់ដដែលៗ ឧទាហរណ៍ រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌបញ្ញត្តិហាមឃាត់ចំពោះការរំលោភបំពានលើអង្គព្រះមហាក្សត្រ ប៉ុន្តែគេនៅតែបន្តរំលោភបំពានលើអង្គព្រះមហាក្សត្រ ទោះបីគេត្រូវបានតុលាការកាត់ទោសម្តងជាពីរដងរួចហើយ ក៏ដោយ។ ការដឹងច្បាស់ថាមានបម្រាមច្បាប់ ប៉ុន្តែនៅតែបន្តរំលោភបំពានដដែលៗ និងមិនទទួលស្គាល់កំហុសរបស់ខ្លួន គឺបង្ហាញពីចេតនានិងបំណងមិនចង់បាននូវការរួបរួមពិតប្រាកដ។ ម្យ៉ាងទៀត ពួកគេមិនអាចទម្លាក់កំហុសឱ្យអ្នកដែលធ្វើ និងអនុម័តច្បាប់ ហើយនិងអ្នកអនុវត្តច្បាប់ ព្រោះពួកគេមិនរាងចាលដោយទង្វើផ្គើនប្រឆាំងនឹងច្បាប់ដដែលៗ។

លោកចាត់ទុកថា ការបន្តរំលោភបំពានរបស់ពួកគេក៏បង្កគ្រោះថ្នាក់ដល់សង្គម ជាពិសេសអ្នកដើរតាមដែលត្រូវរងវិធានការច្បាប់និងតុលាការ និងការនិរាសព្រាត់ប្រាសមនុស្សជាទីស្រឡាញ់។ ការរួបរួមផ្ទៃក្នុង ឬបក្សនយោបាយក៏ពិបាកនឹងសម្រេចបានដែរ បើអ្នករំលោភច្បាប់ហើយមិនព្រមទទួលស្គាល់កំហុសដោយប្រើប្រាស់ទ្រឹស្តីៈ «កុំគិតពីម្សិលមិញ គួរចាប់គិតពីថ្ងៃស្អែកតទៅ!»

«កិច្ចខិតខំប្រឹងប្រែងឱ្យមានការរួបរួមដែលមិនទទួលបាននូវការជួយជ្រោមជ្រែង ឬឈឺឆ្អាលពីសហគមន៍អន្តរជាតិ ដោយសារអ្នកដឹកនាំនយោបាយ ឬអ្នកនយោបាយខ្លះបានរំលោភគោលការណ៍ប្រជាធិបតេយ្យ (violation of democratic principles), ក្លាយខ្លួនជាអ្នករំលោភច្បាប់ (law-breaker) ឬក្លាយខ្លួនជាអ្នកតស៊ូមតិឱ្យមានអំពើហិង្សា (advocate for violence) ដូចជា ប្រកាសកេណ្ឌកម្លាំងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រើប្រាស់កម្លាំង ជាជាងជ្រើសរើសយកមធ្យោបាយប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងប្រជាធិបតេយ្យ»។ នេះបើតាមការបញ្ជាក់របស់មនុស្សជំនិត លោក កឹម សុខា។

លោកបានបញ្ជាក់បន្ថែមថា បំណងប្រាថ្នាចង់ឱ្យមានការផ្សះផ្សារនិងបង្រួបបង្រួមជាតិ ប៉ុន្តែអ្នកដឹកនាំនយោបាយ ឬអ្នកនយោបាយខ្លះបន្តធ្វើសង្រ្គាមវោហាសាស្រ្តយ៉ាងស្រួចស្រាល់ជាមួយអ្នកដឹកនាំប្រទេស។ ពួកគេបន្តជេរ ប្រមាថ ចោទប្រកាន់ លាបពណ៌ ធ្វើឱ្យគេឈឺចាប់ រើសអើង និងបង្ហាញចរិតគុំកួន និងសងសឹកតាមរយៈយុទ្ធសាស្រ្តមានមួយត្រូវអត់មួយ ឬភ្នំមួយមិនអាចមានខ្លាពីរ។ ពេលខ្លះទៀត គេក៏ឆ្លៀតប្រើយុទ្ធសាស្រ្តលាបពណ៌បង្កើតសាច់រឿងក្លែងក្លាយ ឬសេនារិយោបំភ័ន្ត ក្នុងចេតនាញុះញង់ឱ្យក្រុមមួយ ឬបក្សមួយបែកបាក់គ្នា តាមកលល្បិច «ក្តិចគូថសង្អារឱ្យខាំគ្នា» ដោយរំពឹងលទ្ធផលពីការបែកបាក់នោះ។ ល្បិចនេះក្លាយជាកាំបិតចិតដងឯងវិញ! ការរួបរួមផ្ទៃក្នុងបក្សរិតតែពិបាកខ្លាំង ខណៈដែលអ្នកដឹកនាំនយោបាយគិតតែប្រយោជន៍ក្រុមខ្លួន ឬបក្សខ្លួន ដោយមិនគោរពនិងផ្តល់តម្លៃឱ្យក្រុម ឬបក្សដទៃ។ ការវិន្និច្ឆ័យ និងការសម្រេចចិត្តលើបញ្ហារួមគិតខ្លាំងពីប្រយោជន៍ក្រុមខ្លួន ដោយយកប្រៀបសង្កត់បញ្ចុះតម្លៃក្រុមម្ខាងទៀតថាតូចជាងនិងខ្សោយជាងខ្លួន។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា «ល្បិចចាប់ដៃជាន់ជើងមិនអាចធ្វើឱ្យការរួបរួមកើតបានឡើយ។ បើសិនជាគេចង់ឱ្យមានការរួបរួមពិតប្រាកដ គេត្រូវតម្កល់ផលប្រយោជន៍រួមជាធំ ឱ្យធំជាងផលប្រយោជន៍បុគ្គល ក្រុម និងបក្ខពួក, ត្រូវគោរព និងផ្តល់តម្លៃឲ្យគ្នា មិនប្រមាថគ្នា មិនធ្វើឲ្យមានការឈឺចាប់ មិនមានតែអញ ឬជំងឺតួឯងនិយម, កសាងជំនឿទុកចិត្ត មិនលាភពណ៌ មិនចោទប្រកាន់មួលបង្កាច់គ្នា មិនបោកប្រាស់គ្នា, កំណត់យកនិងអនុវត្តគោលការណ៍ជាគ្រឹះ ក្នុងការប្រតិបត្តិនិងវិនិច្ឆ័យ, មិនបង្កបង្កើតបក្សពួក អាងប្រើអំណាចបុគ្គលនិងរំលោភអំណាច ហើយនិងត្រូវចេះអត់ឱនឲ្យគ្នា និងមិនយកគ្នាជាសត្រូវ មិនគុំគួនសងសឹកគ្នា»