(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មី ឆ្នាំ២០១៦ ដែលជាគូរប្រកួតប្រជែងថ្មីជាមួយនឹងរថយន្ត SUV ដ៏ទៃទៀតនៅក្នុងទីផ្សារកម្ពុជា នាសណ្ឋាគារសុខា។

រថយន្តនេះ មានគុណភាព និងសមត្ថភាពខ្ពស់ សម្រាប់ការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងការរចនានូវកៅអី ដែលផ្ទុកបានអ្នកបើកបរ និងអ្នកដំណើរបានចំនួន៧នាក់ សម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាព ដែលត្រូវបានផលិតឡើងជាមួយនឹង ប្រព័ន្ធសុវត្ថិភាពនាំមុខគេ រួមមានពោងសុវត្ថិភាពចំនួនប្រាំពីរ និងទទួលបានចំណាត់លំដាប់ផ្កាយប្រាំ ខាងផ្នែកសុវត្ថិភាពពីស្ថាប័នវាយតម្លៃគុណភាពរថយន្តអាស៊ាន (ASEAN NCAP) ផងដែរ។

លោក David Westerman នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថា រថយន្ត Ford Everest ស៊េរីថ្មីនេះបានរួមបញ្ចូលលក្ខណៈពិសេសដូចជា ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាឆ្លាតលើសពីការរំពឹងទុក ជាមួយនឹងការរចនារូបរាងថ្មីស្រឡាង ហើយយើងមានទំនុកចិត្តថា សមត្ថភាពពិសេស និងភាពរឹងមាំរបស់រថយន្ត Ford Everest នេះនឹងអាចបំពេញចិត្តអតិថិជនកម្ពុជា ហើយក៏រួមចំណែកមួយក្នុងការជម្រុញកំនើន នៃការលក់ផងដែរ។

ការរចនាថ្មីនេះបានបង្ហាញឲ្យឃើញថាក្រុមហ៊ុន Ford បានផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកបើកបរ ព្រមទាំងអ្នកដំណើរ ដូចជាការបំពាក់ផ្លិតទឹកអូតូ ឌុយសាកទូរស័ព្ទនិងLaptop (230v) និងមានកុងតាក់ស្វ័យប្រវត្តិសម្រាប់បត់កៅអីជួទី៣ ទៅតាមតម្រូវការនៃការប្រើប្រាស់ផងដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ថ្លែងថា «រថយន្ត Ford Everest ស៊េរីថ្មីនេះ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លួវក្នុងក្រុង ឬតាមខេត្តនោះទេ ព្រោះរថយន្តនេះ បានបំពាក់ដោយបច្ចេកវិទ្យា SYNC 2 ប្រើប្រាស់នៅលើអេក្រង់ដែលមានទំហំ ៨អ៊ីញ អាចឲ្យអ្នកបើកបរប្រើប្រាស់នូវសម្លេងរបស់គាត់ដើម្បីបញ្ជាទៅលើការកំសាន្ត និងប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្ត នៅពេលបើកបរផ្លូវឆ្ងាយ ម្យ៉ាងទៀតបើប្រៀបធៀបនឹងរថយន្ត SUV ដទៃ រថយន្ត Ford Everest មានបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំង និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ»

លោកបន្ដថា លក្ខណៈពិសេស គឺ បង្កើតឡើងដើម្បីជំនះគ្រប់ឧបសគ្គនៃការបើកបរ ការរចនាម៉ូតដ៏ឆ្លាតវៃ ដើម្បីធានាសុវត្ថិភាព និងផាសុកភាពអ្នកបើកបរ មានកំលាំង និងប្រសិទ្ធភាពសម្រាប់ការបើកបរទៅកាន់ទីឆ្ងាយ ហើយបានរចនាឡើងជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ គួបផ្សំជាមួយនឹងសមត្ថភាពដែលមិនគួរឲ្យជឿ និងបច្ចេកវិទ្យាដ៏ទំនើបៗ ដូចជា ចង្កៀង LED ដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញ នៅពេលដែលមានវត្តមាននៅលើផ្លូវផងដែរ។ ជាមួយនឹងប្រណីតភាពនៃការរចនារូបរាង ទំាងផ្នែកខាងក្រៅនិងខាងក្នុង បានរួមចំណែកផ្តល់នូវប្រសិទ្ធភាពខ្ពស់ ក្នុងការទាក់ទាញចំនាប់អារម្មណ៍របស់អតិថិជន ឲ្យមកប្រើប្រាស់នូវរថយន្តប្រភេទនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 012 333 975 (ភ្នំពេញ) ឬ 063 766 661(សៀមរាប) ឬចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមរបស់ភ្នែកលក់រថយន្ត Ford ប្រចាំកម្ពុជា www.facebook.com/RMAFordCambodia/៕