(ភ្នំពេញ)៖ ទំព័រ Facebook «រឿងពិត CNRP» បានបន្តទម្លាយខ្សែអាត់សំឡេងរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា វគ្គទី៤០ បង្ហាញពីការណាត់ជួបគ្នារវាងលោក កឹម សុខា សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ និង កញ្ញា ដែលអះអាងថា មានឈ្មោះ អាចិន ឡើងក្រេបរសជាតិស្នេហ៍នៅសណ្ឋាគារ «លាភវីរក្សា» ក្នុងខេត្តកំពង់ចាម។

ខ្សែអាត់សំឡេង ដែលគេអះអាងថា ជាការឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា និងអាចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន បង្ហាញថា លោក កឹម សុខា បានណាត់អាចិន ចូលទៅបន្ទប់សណ្ឋាគារលេខ ៤០២។

សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយ រយៈពេល ១ខែមកហើយ។ តាមរយៈខ្សែអាត់សំឡេង បានបង្ហាញថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលួច មានទំនាក់ទំនងស្នេហាជាមួយនារីជាច្រើននាក់។ ក្នុងខ្សែអាត់សំឡេងទាំងអស់នេះ ក៏បានទម្លាយឲ្យដឹងផងដែរថា លោក កឹម សុខា  បានលួចមានទំនាក់ទំនងស្នេហាជាមួយនារីជាជនជាតិវៀតណាម រហូតដល់មានកូនថែមទៀតផង។

ម្ចាស់ Facebook «រឿងពិត CNRP» បានបញ្ជាក់ថា ការដែលខ្លួនបង្ខំចិត្តទម្លាយរឿងអាស្រូវរបស់លោក កឹម សុខា ព្រោះគេចង់ បង្ហាញឲ្យឃើញពីសារជាតិពិតប្រាកដរបស់មនុស្សបោកប្រាស់។

«រឿងពិត CNRP» បានបញ្ជាក់ដូច្នេះ «ការដែលខ្ញុំបង្ខំចិត្តទម្លាយរឿងអាស្រូវអស់ទាំងនេះ គឺខ្ញុំក៏ចង់ឃើញសារជាតិពិតប្រាកដរបស់ មនុស្សបោកប្រាស់ ដូចលោកប្រធាន កឹម សុខាផងដែរ ដោយគិតថា តើអ្នកនយោបាយរូបនេះហ៊ានចេញមុខមកទទួលខុសត្រូវទង្វើ របស់គាត់ដែរឬទេ? បងប្អូនក៏បានដឹងហើយថា លោក កឹម សុខា គាត់ហ៊ានណាស់ក្នុងការប្រព្រឹត្តអំពើអនាចារ ល្មោភកាម ប៉ុន្តែគាត់ មិនបានស្រឡាញ់ជាតិ និងគ្មានភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរបន្តិចសោះឡើយ ហើយគាត់ក៏ជាជនកំសាក បំផុតលេខ ដែលមិនហ៊ានចេញមុខមកទទួលសារភាពនូវកំហុសរបស់គាត់ទេ»

បើទោះបីជាយ៉ាងណាខ្សែអាត់សំឡេងទាំងអស់នេះ មិនទាន់មានការបញ្ចេញប្រតិកម្មណាមួយពីលោក កឹម សុខា នៅឡើយនោះទេ ដោយបន្តរក្សាជំហរយ៉ាងរឹងពឹងជាមួយអភិក្រមផ្ទាល់ខ្លួន «មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ»

ខាងក្រោមនេះ គឺជាខ្សែអាត់សំឡេងរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា និង អាចិន វគ្គទី៤០៖