(សេអ៊ូល)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ពេលនេះកំពុងសំណេះសំណាល និងអាហារសាមគ្គីមហាគ្រួសារខ្មែរ ជាមួយបងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ រាប់រយនាក់នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងដំណើរទស្សនកិច្ច ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៍ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ ។

ក្នុងឱកាសនេះ លោកបណ្ឌិតបានសាកសួរសុខទុក្ខបងប្អូនខ្មែរ និងបានចូលរួមដោះស្រាយនូវសំណូមពរមួយចំនួន របស់បងប្អូនទាក់ទងនឹងការលំបាក នានាដែលបងប្អូនកំពុងជួបប្រទះ ។ លោកបណ្ឌិតក៏បានបញ្ជាក់ប្រាប់បងប្អូន អំពីដំណឹងល្អទាក់ទងនឹងការបង្កើន ចំនួនពលករកម្ពុជា ២០ភាគរយ ក្នុងឆ្នាំ២០១៦នេះ ដើម្បីមកបំពេញការងារនៅ សាធារណរដ្ឋកូរ៉េ ពីសំណាក់រដ្ឋាភិបាលកូរ៉េ និងបានថ្លែងអំណរគុណបងប្អូនពលករ និស្សិត និងបងប្អូនខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នាយ៉ាងល្អ ក្នុងការប្រាស្រ័យទាក់ទង បំពេញការងារ និងរស់នៅលើទឹកដីនេះដោយរក្សាបាន នូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលជាការបង្ហាញអោយសាសន៍ ដទៃឃើញអំពីកិត្តិនាមជាតិខ្មែរពិតប្រាកដ ៕