(ដាម៉ាស)៖ យន្តហោះចម្បាំងរបស់ស៊ីរី បានធ្វើការវាយប្រហារទីតាំងចុងក្រោយរបស់ពួកសកម្ម ប្រយុទ្ធ ISIS ស្ថិតនៅជាយទីក្រុងបុរាណ Palmyra ភាគកណ្តាលប្រទេសស៊ីរី ហើយបន្ទាប់ពីការ បណ្តេញបានសម្រេចនោះ កងទ័ពថ្ញើជើងបានរកឃើញរណ្តៅមួយ ដែលពោពេញដោយសាកសព មនុស្សសរុប ៤២នាក់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

កងទ័ពស៊ីរី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក SANA ថា ក្នុងចំណោមសាកសពទាំងនោះ ក៏មានស្ត្រីនិងក្មេង ១៥នាក់ផងដែរ។ ចំពោះចំនួនសរុបរបស់សពនឹងអាចកើនឡើងច្រើនជាងនេះ ស្របពេលដែលទាហានស៊ីរី កំពុងជីករកសាកសពបន្ថែមទៀត។ គេនៅមិនទាន់ដឹងថា សាកសព ទាំងនោះស្លាប់ដោយសារតែអ្វីនោះទេ ប៉ុន្តែតាមការសន្និដ្ឋានតំណាក់កាលទីមួយ ពួកគេទំនងជាជនស៊ីវិលដែលត្រូវបានសម្លាប់ដោយពួក ISIS៕