(តាកែវ)៖ សាខាគយ និងរដ្ឋាករខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ ដែលមានស្រាប់នៅក្នុងស្រុក គ្មានពន្ធ និងអាករនាំ ចូលមកបង់ពន្ធចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សាខាគយ និងរដ្ឋាករខេត្តតាកែវ នឹងទទួលបង់ពន្ធអាករនាំចូល ឬយានយន្តគ្រប់ប្រភេទ ទាំងចង្កូតស្ដាំ និងចង្កូតឆ្វេង ដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនាំចូលកន្លងមក។

បើតាមសេចក្តីជូនដំណឹង សាធារណជនដែលកំពុងប្រើប្រាស់យានយន្តមិនមានពន្ធនាំចូល មេត្តារួសរាន់មកបំពេញកាតព្វកិច្ចបង់ពន្ធអាករនាំចូល ដោយទទួលបានការលើកទឹកចិត្តរួមមាន៖

*ទី១៖ ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% នៃប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្ដប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ក្រោយរយៈពេលនេះ ម្ចាស់យានយន្តនឹងមិនទទួលបានការបន្ធូរបន្ថយឡើយ។

*ទី២៖ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក១ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងឱបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីកែចង្កូតរួច ម្ចាស់រថយន្តអាចមកទទួលបង្កាន់ដៃ និងលតាប័ត្ររថយន្តពីមន្ត្រីគយ។

*ទី៣៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបានខឹងតម្រូវឱ្យបង់ពន្ធអាករ រួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

*ទី៤៖ ម្ចាស់យានយន្តគ្មានពន្ធអាចមកបំពេញកាតព្វកិច្ចពន្ធ និងអាកនៅសាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ២ ភូមិចក សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។ លេខទូរស័ព្ទទំនាក់ទំនង+ ០៨៨ ៦៥៦ ៥៣៥៦, ០៩៧ ៤៤៨៩ ៧៧៧៧, ០១២ ៥៥៩ ៦៦៦៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករខេត្តតាកែវ៖