(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលដំណើរការរៀន និងបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋដែលមានហានីភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក ប៉ែន កុសល្យ បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញ នៅតាគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈ ដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល ឬ ជែលការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ១៩ ដោយប្រការណាមួយ។

ដោយឡែកលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការបើកឱ្យដំណើរការសាលានេះដែរ ត្រូវបានអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។

ប្រធានមន្ទីរអប់រំក៏បានថ្លែងបញ្ជាក់ផងដែរថា ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀនសរុបចំនួន ១០៩សាលា ក្នុងចំណោមសាលារៀនរដ្ឋសរុបចំនួន ២៥៧សាលា៕