(គែរ)៖ រដ្ឋាភិបាលអេហ្ស៊ីប ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី ដែលមានប្រភពពីយោធានោះ បានចាប់ផ្តើមផែនការថ្មីដំណាក់កាលទីមួយ ក្នុងការកសាងរដ្ឋធានីថ្មី របស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដែលស្ថិតនៅភាគខាងកើត នៃរដ្ឋធានីគែរបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងស្ថាបត្យកម្មរបស់ប្រទេសអេហ្ស៊ីបលោក Moustafa Madbouly បានឲ្យដឹងដូច្នេះថា «ក្រុមហ៊ុនចំនួនបួន បានចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរដ្ឋធានីថ្មីខាងលើនេះ។ ដំណាក់កាលដំបូង គឺក្រុមហ៊ុនរដ្ឋជាអ្នកធ្វើការសាងសង់។ ដោយឡែកក្រុមហ៊ុនឯកជននានា នឹងត្រូវអនុញ្ញាតឲ្យចូលរួមការកសាងគម្រោងទីមួយនេះ នៅប៉ុន្មានខែខាងមុខ។»

គួរបញ្ជាក់ថា ដំណាក់កាលទីមួយ រដ្ឋាភិបាលនឹងកសាងអគាររដ្ឋបាលថ្មីចំនួន១៤កន្លែង ដែលនឹងចំណាយប្រាក់ ៤ពាន់លានផោនអេហ្ស៊ីប ស្មើនឹង ៤៥០លានដុល្លារអាមេរិក ដែលមានអគារក្រសួងសំខាន់ៗចំនួន ១២ និងឧទ្យានដ៏ធំមួយដែលមានអគារស្នាក់នៅព័ទ្ធជុំវិញ។ សម្រាប់គម្រោងកសាងរដ្ឋធានីថ្មីទាំងមូល នឹងត្រូវចំណាយ ៤៥ពាន់លានដុល្លារអាមេរិក ហើយការកសាងនេះ ជាការបង្ហាញពីភាពរីកចំរើនសេដ្ឋកិច្ច និង ហេដ្ឋរចនាសម្ព័ន្ធរបស់អេហ្ស៊ីប ស្របពេលដែលរដ្ឋធានីគែរ នឹងក្លាយជាទីក្រុងបុរាណ របស់អតីតអាណាចក្រពីរ៉ាមីត ដ៏ល្បាញល្បីមួយនេះ៕