(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សូមបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩។

លោកអំពាវនាវបែបនេះរបស់លោក សុខ លូ បានធ្វើឡើងនៅក្នុងឱកាសលោក និងក្រុមការងារចុះពិនិត្យការសិក្សារៀនសូត្រនៅតាមសាលារៀន នៅស្រុកតាំងគោក ស្រុកសន្ទុក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកបន្តថា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការពិនិត្យពីលទ្ធភាព និងចាប់ផ្តើមបើកអោយដំណើរការ ការបង្រៀន និងរៀនឡើងវិញ នៅតាគ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ដែលមានហានិភ័យទាបក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ១៩។

លោក សុខ លូ បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រនិងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាកុល ឬជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ១៩ និងទៅចាក់ថ្ឱ្យបានគ្រប់គ្នា។

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានការសប្បាយរីករាយដែលក្រសួងអប់រំ អាជ្ញាធរខេត្ត ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យបើកដំណើការសាលារៀនឡើងវិញ និងបានអរគុណចំពោះការផ្តល់វ៉ាក់សាំង ចាក់ជូនពួកគាត់ដោយឥតគិតថ្ងៃផងដែរ។

សិស្សានុសិស្ស បានឡើងពីការសិក្សាកន្លងមក ពួកគាត់បានសិក្សារតាមប្រព័ន្ធអនឡាយ គឺមានការពិបាកណាស់ ព្រោះវាមានការចំណាយច្រើនទៅលើ Internet ជូនកាល Internet ដើរយឺត ធ្វើឱ្យពួកគាត់ពិបាក ក្នុងការស្តាប់ពន្យល់ពីលោកគ្រូ អ្នកគ្រូខ្លាំងណាស់ តែបើពួកគាត់បានមកចូលសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ គឺមានភាពងាយស្រួលជាងមុនព្រោះបានស្តាប់ផ្ទាល់នឹងស្តាប់ការពន្យល់បានល្អ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា ដំណើរការចូលរៀនឡើងវិញមានចំនួន ២៨៧សាលា ដែលសាលារៀនទាំងអស់ ជាតំបន់មានហានិភ័យទាបក្នុងនោះវិទ្យាល័យមានចំនួនំ ១៦សាលា អនុវិទ្យាល័យ មាន៤៤សាលា និងបឋមសិក្សា មានចំនួន ២២៩សាលា ហើយសាលារៀនទាំងអស់ គឺបានរៀបចំរួចជាស្រេចនូវសម្ភារអនាម័យដើម្បីឱ្យដំណើរការបាន៕