(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តន៍ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតការពារសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការពាពីការឆ្លងជំងឺកូវីដ-១៩ នៅតាមទីសាធារណៈ និងត្រូវការពារសុវត្តិភាពខ្លួនឯងផងដែរ បើទោះបីធ្លាប់មានបទពិសោធន៍ នាពេលកន្លងមកហើយក៏ដោយ។

លោក ឃួង ស្រេង បានណែនាំដូចនេះនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការការពារការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធី បុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះដែរលោកឃួង ស្រេង ក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការអាចារ្យវត្តទាំង១៥១ នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាមឱ្យមានអនាម័យ បរិស្ថានល្អ សោភ័ណ្ឌភាពស្អាត ធ្វើយ៉ាងណាមិនឱ្យមាន ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់២ថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាមក្លោងទ្វារវត្តត្រូវមាន ឧបករណ៍បាញ់អាកុល និងម៉ាស៊ីនវាស់កំដៅ។

លោក ឃួង ស្រេង បានបញ្ជាក់ដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្ន កំពុងចាក់វ៉ាក់សាំងជូនកុមាអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ធ្វើឱ្យយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់ប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះបានបើកសាលារៀន ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញថែមទៀត។

ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យស្នងការរាជធានីភ្នំពេញ ណែនាំឱ្យកងកម្លាំង ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ដើម្បីជៀស បានពី ការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ ត្រូវល្បាតមើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង់កុំឱ្យមានអំពើចោរកម្មផងដែរ៕