(ភ្នំពេញ)៖ ទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ «ង៧០» បានបដិសេធចំពោះមុខសញ្ញា ជួញដូរគ្រឿងញៀនម្នាក់ ដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅស្រុកសំរោងទង ថាមិនមែនជាមន្រ្តីរបស់ខ្លួននោះឡើយ។

មន្រ្តីយោធាជាន់ខ្ពស់ នៃអង្គភាព «ង៧០» បានបញ្ជាក់ថា «ក្រោយទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៌ ម៉ៅ សុផាន់ មេបញ្ជាការ បានឲ្យមន្រ្តីឆែកជាបន្ទាន់ថា តើមានឈ្មោះ និងបុគ្គលម្នាក់នេះ នៅអង្គភាពរបស់យើងដែរឬទេ? ប៉ុន្តែក្រោយការសួរនាំ និងឆែករួចមកនោះ គឺជននេះមិនមានឈ្មោះ ជាយោធានៅអង្គភាពយើងឡើយ គឺរូបគេឆ្លើយផ្តេសផ្តាស ដែលនាំឲ្យប៉ះពាល់កិត្តិយស របស់អង្គភាព»។

មន្រ្តីយោធារូបនេះ បានជំរុញឲ្យសមត្ថកិច្ច និងតុលាការ ចាត់ការជនម្នាក់នេះ ទៅតាមផ្លូវច្បាប់យ៉ាងតឹងរឹងជាទីបំផុត។

សូមបញ្ជាក់ថា មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដែលអះអាងខ្លួនឯងថា ជាមន្ត្រីយោធា ត្រូវកម្លាំងនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលប៉ុស្តិ៍ត្រពាំងគងបានបង្រ្កាប និងចាប់ខ្លួនព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអនុសេនីយ៍ឯក យន់ វន នាយនគរបាលប៉ុស្តិ៍ឃុំត្រពាំងគង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថ្លាង សុភី អាយុ៣៧ឆ្នាំ រស់នៅឃុំខាងលើ ហើយក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូត បានថ្នាំញៀនម៉ាទឹកក១២កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង។ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕