(ភ្នំពេញ)៖ Sinbodia Enterprise Co.,Ltd ជាអាជីវកម្មរួមទុនរវាង ក្រុមហ៊ុន Energy Petroleum និងក្រុមហ៊ុន US Lube Alliance នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាស្ដីពីមេកានិចប្រេងម៉ាស៊ីន Shell នាសណ្ឋាគារ ភ្នំពេញ ដើម្បីផ្គត់ផ្គង់ និងចែកចាយប្រេងម៉ាស៊ីនម៉ាក Shell នៅកម្ពុជា ។

លោក Wee Hou ប្រធានក្រុមហ៊ុន ស៊ីនបូឌា អេនធើប្រាយ បានថ្លែងថា សិក្ខាសាលាស្ដីពីមេកានិចនេះ ជាលើកទី១ហើយសម្រាប់វិស័យឧស្សាហកម្ម យានយន្ដនៅប្រទេសកម្ពុជា ដែលនឹងបង្ហាញពីភាពល្អឥតខ្ចោះ របស់មេកានិចប្រេងម៉ាស៊ីន Shell ។

លោកបន្ដថា ថ្ងៃនេះយើងនឹងបង្ហាញពីភាពរីកចម្រើន នៃអាជីវកម្មមួយនេះ ដែលបាននាំមកនូវបទពិសោធន៍ជាច្រើនផ្នែក ព្រោះកន្លងមកយើងបានធ្វើការចែកចាយ ផលិតផលតេលសិលាក្នុងទីផ្សារសិង្ហបុរី បានយ៉ាងជោគជ័យ ហើយពេលនេះយើងនឹងពង្រឹងនិងពង្រីក មេកានិចប្រេងម៉ាស៊ីន Shell មួយនេះនៅកម្ពុជា ឲ្យទទួលបានជោគជ័យដូចគ្នា ដោយផ្ដល់ជូនទាំងផលិតផលមានគុណភាព និងសេវាកម្មដ៏ល្អទៅកាន់ទីផ្សារកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ លោក Tan Chheng Kruy បានលើកឡើងបន្ថែមទៀតថា «Shell ជាប្រេងម៉ាស៊ីនលេខ១ នៅលើពិភពលោកអស់រយៈពេល៩ឆ្នាំជាប់ៗគ្នា យើងបេ្ដជ្ញាការពារ និងពង្រឹងសមធម៌ម៉ាករបស់ Shellនៅកម្ពុជា និងមានមហិច្ឆតាអភិវឌ្ឍកេរ្ដិ៍ឈ្មោះរបស់យើងអោយក្លាយទៅជាលំដាប់លេខ១ ប្រចាំកម្ពុជា ដូច Shell នៅបណ្ដាប្រទេសនាៗជុំវិញពិភពលោកផងដែរ» ។

លោកបន្ដថា ពិសេសកម្ពុជា ជាទឹកដីប្រកបដោយកាលានុវត្តភាព ហើយសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងល្អប្រសើរ យើងប្រមើមើលថាចំនួនអ្នកប្រើប្រាស់រថយន្ដនឹងកើនឡើងកាន់តែច្រើនពីមួយឆ្នាំៗ ដូច្នេះយើងសង្ឃឹមថានឹងបង្កើត Shell ជាដៃគូនាំមុខគេសម្រាប់វិស័យនេះ៕