(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាក ដែលប្រជាពលរដ្ឋ តែងតែរងគ្រោះក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា បានបន្ដជួយ និងផ្ដល់ជាអំណោយ ជូនគ្រប់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅទូទាំងប្រទេស។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ពលរដ្ឋក្រខ្សត់ ចំនួន១៧គ្រួសារ នៅរាជធានីភ្នំពេញ បានទទួលបានអំណោយជាស្បៀងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។

ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនាស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភ្ជាប់នឹងការពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេកដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកថ្ងៃនេះ ជាពិសេសបានលើកទឹកចិត្ត ឱ្យថែទាំសុខភាពឱ្យបានល្អ និងបន្ដខិតខំរួមគ្នាជម្នះនូវការលំបាក ដើម្បីខ្លួន និងជីវភាពគ្រួសារបន្ថែមទៀត។

លើសពីនោះ ដោយក្នុងបរិបទនៃការរីករាលជំងឺកូវីដ១៩នេះ លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ៣ការពារ និង៣កុំ ដោយត្រូវរៀនរស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «ក្រោយពីបានទទួលដំណឹងថា ប្រជាពលរដ្ឋយើង១៧គ្រួសារ ដោយអ្នកខ្លះ ប្រកបមុខរបរជាកម្មករ ផ្នែកអនាម័យ រត់ម៉ូតូឌុប ដូចជាម៉ូតូកង់បីជាដើម និងពលរដ្ឋដែលមានបញ្ហាសុខភាពរុំារៃផ្សេងៗ ដែលមានជីវភាពខ្វះខាត កាកបាទក្រហមកម្ពុជា ក៏បានរៀបចំផ្ដល់អំណោយជូនពួកគាត់ភ្លាមៗ។ ហើយក្រុមការងាររបស់យើង នៅតែបន្ដសកម្មភាពមនុស្សធម៌នេះជានិច្ច ដើម្បីជួយសង្គ្រោះពលរដ្ឋយើង ឱ្យទាន់ពេលវេលា និងទៅដល់ទីកន្លែង ទោះក្នុងរដូវកាលកូវីដ១៩ក៏ដោយ»

ជាមួយគ្នានោះ លោកស្រី ថោ សារី អាយុជាង៥០ឆ្នាំ និងមានជំងឺប្រចាំកាយ ដែលបានមកទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា បានថ្លែងទាំងក្ដុកក្ដួល និងរំភើបស្ទើរស្រក់ទឹកភ្នែក ថា «ខ្ញុំសប្បាយ អរណាស់ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដជួយដល់កូនចៅរហូតមក។ សូមគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុយ៉ឺនយូរ ដើម្បីជាម្លប់ដល់កូនចៅបានគ្រប់ៗគ្នា»

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជួយសម្រាលការលំបាក ដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ៦ដប, ទឹកផ្លែឈើ ១កេស, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ជែលលាងដៃ ១ដប, ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល៕