(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសារទរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាលើកដំបូង ក្នុងប្រវិត្ដសាស្ដ្រកម្ពុជា អង្គការសហប្រជាជាតិ (UN) បានប្រកាសវាយតម្លៃថា កម្ពុជាបានផុតពីប្រទេសអភិវឌ្ឍតិចតួច។

ការចូលរួមអបអរសារទររបស់លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះថា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ ឲ្យប្រើប្រាស់ជាសាធារណៈ» ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមអបអរសារទរ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលប៉ុន្មានថ្ងៃមុន បានប្រកាសថា ជាលើកដំបូងហើយ ក្នុងប្រវិត្ដសាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គការសហប្រជាជាតិ បានប្រកាសវាយតម្លៃថា កម្ពុជាបានផុត ឬក៏បានមានលក្ខណៈសម្បត្ដិ មួយកម្រិតបន្ថែមទៀត ដោយមិនមែនស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតូច គឺបានផុតទៅដល់ជាប្រទេសនៃការអភិវឌ្ឍន៍ ក្នុងដំណាក់ការអភិវឌ្ឍន៍»

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរតែមានមោទភាព ព្រោះថា ប្រទេសផ្សេងៗក៏ជួបបញ្ហាកូវីដ-១៩ ហើយប្រទេសផ្សេងៗ មានវិធីសាស្ដ្ររបស់គេ ប៉ុន្ដែកម្ពុជា ក៏មានវិធីសាស្ដ្រធ្វើយ៉ាងណា ដើម្បីបងប្អូនសិស្សានុសិស្ស ដែលជាធនធានមិនអាចខ្វះបានរបស់កម្ពុជា នៅតែទទួលបានមេរៀន ក្នុងការបណ្ដុះបណ្ដាលសមត្ថភាពរបស់ខ្លួនផងដែរ។

គូសបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា តាមការវាយតម្លៃចុងក្រោយ របស់អង្គការសហប្រជាជាតិ (UN) ដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំ ម្តងបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌ ដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេស មានការអភិវឌ្ឍតិចតួច។

ការលើកឡើងរបស់សម្តេចតេជា ហ៊ុន សែន យ៉ាងដូច្នេះ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោបន្តថា អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ជាការកត់សម្គាល់ បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អាត្រា កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១ រំពឹងថា នឹងអាចងើបឡើងមកវិញ ស្ថិតនៅក្នុងរង្វង់២.៥% បន្ទាប់ពីមានការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០៕