(ភ្នំពេញ)៖ ឆ្លើយតបចំពោះអ្នកសារព័ត៌មាន លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ជាភស្តុតាងមួយយ៉ាងរឹងមាំ និងជាក់ច្បាស់បង្ហាញឱ្យឃើញថា ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលមួយចំនួនតូច មិនអាចបន្តភូតកុហុកពិភពលោកបានទេ ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជាថា កម្ពុជាអស់ព្រៃឈើ និងចោទថាពុជាប្រទេសដែលកាប់បំផ្លាញព្រៃឈើច្រើនជាងគេលើពិភពលោក។

របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រងប្រមូលផ្តុំនូវឯកសារទិន្នន័យគោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការជាតិ អន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និងធ្វើផែនការសកម្មភាពដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ។

ការវាយតម្លៃធនធានគម្របព្រៃឈើ គឺជាយុទ្ធសាស្ត្រស្នូលដើម្បីទទួលបាននូវទិន្នន័យមូលដ្ឋានច្បាស់លាស់ អំពីធនធានគម្របដីព្រៃឈើ និងការប្រែប្រួលដីព្រៃឈើនៅទូទាំងប្រទេស។ លោក នេត្រ ភក្ត្រា បានថ្លែងថា តាមការ វាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលចុងក្រោយនេះបង្ហាញថា ផ្ទៃដីព្រៃឈើកម្ពុជាមានប្រមាណ ៨.៥១០.៨០៧ហិកតា ស្មើនឹង៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស (លទ្ធផលនៃការវាយ តម្លៃនេះរួម បញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត)។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «របាយការណ៍មួយនេះ គឺបង្ហាញថាជនមួយចំនួនតូចមិនអាចបន្តភូតកុហកពិភពលោក បានទេ ក៏ប៉ុន្តែផ្ទុយទៅវិញ កម្ពុជារបស់យើងកំពុងតែមានមោទកភាព ក្នុងការពារបានប្រសើរលើធនធានធម្មជាតិ និងបានកំពុងបោះជំហានក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត ដែលភាពជោគជ័យ នៃការការពារធនធានធម្មជាតិរបស់យើងនេះ បានធ្វើឱ្យកម្ពុជាអាចទទួលបានចំណូលយ៉ាងច្រើនពីធនធានធម្មជាតិក្រោមទិសស្លោក ថែរក្សាឈើឈរដើម្បីរកចំណូល»

មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តាមរយៈរបាយការណ៍នេះ គឺបានបង្ហាញឱ្យកាន់តែច្បាស់បន្ថែមទៀត ពីកិច្ចខិតខំប្រឹងការពារ អភិរក្សធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យនៅគង់វង្ស។ បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបន្តថា អ្វីដែលជាការចោទប្រកាន់របស់ក្រុមសកម្មជនមួយចំនួនដែលតែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកថាកម្ពុជា អស់ព្រៃឈើហើយនោះ គឺគ្មាននរណាជឿឡើយ។ ប៉ុន្តែប្រសិនបើជាកម្ពុជាអស់ព្រៃឈើ សួរថាតើរបាយការណ៍របស់យើងហេតុអីបានចេញរហូតដល់ ៤៦.៨៦ភាគរយ ហើយស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋ គឺគាត់បានដឹងច្បាស់ពីវត្តមានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ហើយមួយទៀតប្រសិនជាព្រៃឈើនៅកម្ពុជាអស់ ដូចអ្វីដែលគេឃោសនាបែបបោកបញ្ឆោតនោះ ប្រហែលជាកម្ពុជារបស់យើង មិនមានលទ្ធភាពនៅក្នុងការលក់ឥណទានកាបូនដូចបច្ចុប្បន្ននេះ និងត្រូវបានពិភពលោកទទួលស្គាល់នោះទេ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ព្រៃឈើរបស់យើងបាននិងកំពុងតែដើរតួនាទីមួយយ៉ាងសំខាន់ ក្នុងការចូលរួមបន្សុទ្ធខ្យល់របស់ពិភពលោក ហើយដែលក្រុមហ៊ុនធំៗ ដែលមានតួនាទីភារកិច្ច ក្នុងការទទួលខុសត្រូវលើផ្នែកបរិស្ថាន បានមកចែវចូវ មកទាក់ទង មកទិញកាបូនពីប្រទេសកម្ពុជារបស់យើង ដោយសារតែកម្ពុជារបស់យើងរក្សាបាននូវព្រៃឈើឈរ ដែលជាតួនាទីសំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី អញ្ចឹងជារួមរបាយការណ៍នេះ ជារបាយការណ៍ដែលបង្ហាញថា កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងក្នុងការថែរក្សា ការពារ និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ រួមទាំងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជំរុញចំការឈើដាំ ដើម្បីបង្កើននូវគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជារបស់យើង»

លើការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ក្រសួងបរិស្ថានបានរៀបចំបង្កើតតំបន់ការពារធម្មជាតិ ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៧,៣លានហិកតា ហើយបានរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំ បណ្ដុះបណ្ដាលមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស បំពាក់ឧបករណ៍ មធ្យោបាយ និងសម្ភារចាំបាច់ ពង្រឹងការងារល្បាត និងអនុវត្តវិធានការច្បាប់លើបទល្មើសធនធានធម្មជាតិ។

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោន ពីបរិយាកាស។ ប្រទេសអភិវឌ្ឍនៅលើសាកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្ដៅ។

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦លានដុល្លារ។ ថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»