(ភ្នំពេញ)៖ សមាជិកនៃគណៈកម្មការជាតិការពារអ្នកប្រើប្រាស់ (NCCP) បានជួបជាមួយសភាពាណិជ្ជកម្មកម្ពុជានាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សា និងផ្សព្វផ្សាយច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពអ្នកប្រើប្រាស់ និងធុរកិច្ចរបស់លោកអ្នក» ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់កូនកាត់ និងសហការ រៀបចំជាមួយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ)។

មានក្រុមហ៊ុន៣ បានចូលរួមចែករំលែកបទ ពិសោធន៍របស់ពួកគេ ក្នុងសកម្មភាពមេត្រីភាព ចំពោះអ្នកប្រើប្រាស់ ដែលជាការបំផុសគំនិត ដល់ក្រុមហ៊ុនផ្សេងទៀត នៅក្នុងសហគមន៍ធុរកិច្ច ជាពិសេសដល់សហគ្រិនជំនាន់ក្រោយ ឱ្យយកចិត្តទុកដាក់ដល់កិច្ចការពារ អ្នកប្រើប្រាស់។

សិក្ខាសាលាថ្នាក់ជាតិនេះ ក៏មានគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ច តាមប្រព័ន្ធអនឡាញ សម្រាប់អាស៊ាន ដែលបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ការ អនុវត្តធុរកិច្ចដោយត្រឹមត្រូវ នៅក្នុងបរិយាកាសពាណិជ្ជកម្ម អេឡិចត្រូនិក ដែលកំពុងវិវត្ត។ ក្រមសីលធម៌នេះ បំពេញបន្ថែមនូវការណែនាំ និងសកម្មភាពផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) ចំណុះក្រោមក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារ អ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័ន មានសមត្ថកិច្ច និងអ្នកប្រើប្រាស់ក្នុងការកសាងសង្គមយើង ឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព»

លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ធ្វើសេចក្តីរាយការណ៍ ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាព មិនសុចរិត ក្នុងធុរកិច្ចមកកាន់ក្រសួង ពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរកដំណោះស្រាយ បញ្ញារួមគ្នាឱ្យបានទាន់ពេលវេលា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រ ដោយបញ្ជាក់ក្នុងសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយច្បាប់ស្ដីពី កិច្ចការពារ អ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់អ្នក» ថាច្បាប់នេះ នឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា កំឡុងពេល ដែលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេស ជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញ អ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគ ក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា បានបន្ដថា ការការពារអ្នកប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួល បានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួន ចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយ ដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិច។

ការការពារផល ប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនគួរត្រូវបានចាត់ទុកថា ជាឧបសគ្គដល់អាជីវកម្មឡើយ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជន របស់ពួកគេដោយ ស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជា ដៃគូដែលទុកចិត្តសម្រាប់ រដ្ឋាភិបាលក្នុងការគាំទ្រ ដល់ការការពារអ្នកប្រើប្រាស់។

លោក ឃាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងដូច្នេះថា «ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាម ប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុន ដែលទទួលបានការពេញចិត្ត ពេញថ្លើម ពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋាន អតិថិជន របស់ខ្លួន បានកាន់ តែទូលំទូលាយ ព្រោះហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ២០១៩ អាស៊ានបានបង្កើត មគ្គុទ្ទេសក៍សាមញ្ញមួយ ហៅថា ក្រមសីលធម៌ធុរកិច្ច តាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលក្នុងនោះបាន បញ្ចូលនូវការប្តេជ្ញាចិត្ត ចំនួន១៥ សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ច ការពារដល់អ្នកប្រើប្រាស់»

លោកហ្វាង យ៉ាត់ឌឺ បានប្រកាសថា ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថានឹង ត្រូវយកទៅផ្សព្វផ្សាយនៅទូទាំងប្រទេស ជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងស្តារប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺរាតត្បាត។ ប្រទេសកម្ពុជា មានរបបគាំពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ាន។

សូមរំលឹកថា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) ដើរតួនាទីជាស្ថាប័ន អនុវត្តសំខាន់ និងត្រូវបាន ប្រគល់ នូវភារកិច្ចទាក់ទងនឹងការការពារអតិថិជន អនុលោម តាមបទប្បញ្ញត្តិ នៃច្បាប់នេះ។ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (NCCP) គឺជាស្ថាប័នគោល នយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួន៧៕