(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានវាយបកទៅលោក សម រង្ស៉ី វិញថា «ជាពូជក្បត់ជាតិ និងបម្រើយួនសេរី» ក្រោយលោក សម រង្ស៉ី ចោទប្រកាន់ថា អ្នកដែលទៅបង្កើតគណបក្សថ្មី ដែលបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ សុទ្ធតែជា «ពូជមិនស្នេហាជាតិ និងជាបន្លាយួន»។
តាមរយៈ Facebook, លោក គង់ គាំ បានដាក់សំណួរថា «តើសមហេតុផលដែរទេបើតប សម រង្ស៊ី ដែលថា បណ្តាគណបក្សបែកចេញពីអតីត CNRP ជាពូជមិនស្នេហាជាតិ និងជាបន្លាយួន នៅពេលដែលខ្លួន ជាពូជក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ បម្រើគំនិតពួកយួនសេរី កុក ស) និងមហាអំណាច/សម្ព័ន្ធមិត្តខ្លះ ដែលដាក់សម្ពាធ ចង់បង្កចលាចល តាមសេណារីយ៉ូប្រាំមួយ (របស់បណ្ឌិត សេង សារី) ដូចនៅហុងកុង នៅថៃ និងនៅភូមានោះ?»។
រហូតមកដល់ពេលនេះ ក្រៅពីគណបក្សឆន្ទៈខ្មែរ គឺមានគណបក្សយ៉ាងហោចណាស់៥ទៀត ត្រូវបាន និងកំពុងរៀបចំបង្កើតឡើង ដោយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះមាន គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សអភិរក្សនិយម, គណបក្សខ្មែរស្រលាញ់ជាតិ និងគណបក្សបេះដូងជាតិផងដែរ។
ការរៀបចំបង្កើតបក្សនេះ ធ្វើឡើងបន្ទាប់ពីពួកគេទទួលបាននីតិសម្បទានយោបាយឡើងវិញ ដែលរហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៦រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយនេះ៕