(ភ្នំពេញ)៖ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមសិក្ខាសាលាជាន់ខ្ពស់ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ (SEACEN EXCO) លើកទី២០ តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះដឹកនាំដោយធនាគារកណ្តាលព្រុយណេ ដែលជាប្រធានក្នុងអាណត្តិនេះ និងមានការចូលរួមពីសំណាក់ទេសាភិបាលរងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុដទៃទៀតដែលជាសមាជិកមជ្ឈមណ្ឌលស៊ាសិន (SEACEN) ព្រមទាំងតំណាងមកពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។

សិក្ខាសាលាជាន់ខ្ពស់ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលស៊ាសិន និងធនាគារ BIS លើប្រធានបទ «ការផ្លាស់ប្តូរនៃលំហូរមូលធនទៅកាន់ប្រទេសកំពុងលូតលាស់៖ ការគ្រប់គ្រងលំហូរមូលធននិងការដកវិញនៃនយោបាយរូបិយវត្ថុវិត្ថារកម្ម»

ទន្ទឹមនេះកិច្ចប្រជុំ SEACEN EXCO បានពិភាក្សា និងអនុម័តលើលទ្ធផលការងារមួយចំនួនដូចជា៖ សកម្មភាពប្រតិបត្តិរបស់មជ្ឈមណ្ឌលស៊ាសិន ការបណ្តុះបណ្តាលនិងស្រាវជ្រាវ ការគ្រប់គ្រង ថវិកាឆ្នាំ២០២១ គម្រោងថវិកាសម្រាប់ឆ្នាំ២០២២ និងការផ្តល់សិទ្ធិដល់នាយកប្រតិបត្តិស៊ាសិន សម្រាប់ដោះស្រាយការងារប្រចាំថ្ងៃជាដើម។

គួររំលេចថា មជ្ឈមណ្ឌលស៊ាសិន បានរួមចំណែកដ៏សំខាន់ក្នុងការជួយពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រី-បុគ្គលិក ធនាគារកណ្តាលដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលនិងស្រាវជ្រាវ ហើយធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយរបស់មជ្ឈមណ្ឌល បានរួមចំណែកធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស៊ាសិននាពេលកន្លងមក ផងដែរ៕