(ព្រះវិហារ)៖ ស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ-ព្រះវិហារ បាននិងកំពុងដំណើរការសាងសង់ជាផ្លូវការ ក្រោយទទួលបានការឯកភាពពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមសំណើររបស់អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តព្រះវិហារ។

ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថានីយ៍អចល័ត អូរពោធិ-ព្រះវិហារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក សំ លាងទ្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការសាងសង់ស្ថានីយ៍នេះ ស្របតាមគំនូសប្លង់ តាមបទដ្ឋានបច្ចេកទេស ប្រយោជន៍ដើម្បីឲ្យសំណង់នេះមានគុណភាពប្រើបា្រស់បានយូរអង្វែង។

លោកប្រធានមន្ទីរ បានថ្លែងថា ដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងចុះជាប់ជាប្រចាំតាមដងផ្លូវជាតិនានា ក្នុងទិសដៅត្រួតពិនិត្យមើលរថយន្ត ដែលដឹកជញ្ជូនលើសទម្ងន់ បណ្តាលឲ្យផ្លូវថ្នល់របស់យើងងាយនឹងរងខូចខាត។

លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ស្របពេលដែលស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ-ព្រះវិហារ នេះ បានសាងសង់រួចរាល់ នឹងដាក់ឲ្យដំណើរការជាផ្លូវការនោះ លោកសង្ឃឹមថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ នឹងត្រូវការបន្ថយ ហើយមន្ត្រីរបស់យើងក៏មិនពិបាកដើរល្បាតឃ្លាំមើលតទៅទៀតដែរ។

ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕