(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួប ២៨ឆ្នាំ របស់រដ្ឋធម្មនុញ្ញកម្ពុជា បន្ទាប់ពីច្បាប់កំពូលរបស់ជាតិមួយនេះ ត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ មុននឹងមានរដ្ឋធម្មនុញ្ញា ឆ្នាំ១៩៩៣នេះ ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី១ ហើយរដ្ឋធម្មនុញ្ញបានផ្លាស់ប្តូរជាបន្តបន្ទាប់ចំនួន ៥លើក ព្រោះតែការផ្លាស់ប្តូររបបដឹកនាំទៅតាមការវិវឌ្ឍស្ថានការនយោបាយ។

ការផ្លាស់ប្តូរលើកទី១ កើតឡើងក្នុងរបបសាធារណរដ្ឋខ្មែរ, លើកទី២ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកទី៣ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកទី៤ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ និងលើកទី៥ គឺក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ដែលកំពុងប្រើប្រាស់នេះ។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានកំណត់អំពីការគ្រប់គ្រង បញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និងសភាជាតិជាដើម។

បើតាមទស្សនៈរបស់តំណាងគណបក្សនយោបាយ, តំណាងយុវជន, បញ្ញវ័ន្ត ក៏ដូចជាមន្ត្រី បានយល់ថា «រយៈពេល ២៨ឆ្នាំកន្លងមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន
ដោយធានាបានការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារបានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី និងអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ»

ថ្លែងដូចគ្នាដែរនោះ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានយល់ឃើញថា ក្នុងរយ:ពេល ២៨ឆ្នាំនេះ រាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានអនុវត្ដរដ្ឋធម្មនុញ្ញបានយ៉ាងល្អប្រពៃ បានន័យថារដ្ឋធម្មនុញ្ញប្រសូត្រនៅឆ្នំា១៩៩៣ គឺមានលក្ខណៈត្រជាក់ត្រជុំបំផុត ព្រោះជារដ្ឋធម្មនុញ្ញមានលក្ខណៈកូនកាត់មានការសំយោគគ្នារវាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នំា១៩៩១ ដែលមានការចូលរួមទទួលស្គាល់ពីប្រទេសមហាអំណាចទាំង៥ ដែលមិនធ្លាប់មានក្នុងប្រវត្ដិអង្គការសហប្រជាជាតិ និងអ្នកនយោបាយខ្មែរតំណាងឆន្ទៈប្រជាជនខ្មែរទូទាំងព្រះនគរ។

«បើហេតុនេះ គេអាចនិយាយបានថា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទី២ គឺប្រៀបដូចជារដ្ឋធម្មនុញ្ញចារិកលើផ្ទាំងសិលាប្រាសាទអង្គរ ជានិមិត្ដរូបក្នុងទស្សន:ជាតិនិយមខ្មែរពីគ្រប់ទិសទីទាំងក្នុងនិងក្រៅព្រះនគរ ហើយដែលមានការសាទរពីគ្រប់បណ្ដាប្រទេសទាំងធំទំាងតូច នៅលើផែនដីនេះ យ៉ាងដូច្នោះដែរ។ ម្យ៉ាងទៀតបើរំលឹកពីប្រវត្ដិរដ្ឋធម្មនុញ្ញខ្មែរនេះទៀតសោត គឺចាប់តាំងព្រះរាជាណាចក្រកម្ពុជាទី១ សម័យសង្គមរាស្រ្ដនិយមមក គឺរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទី២ មានភាពត្រជាក់ត្រជុំបាននាំសុខសាន្ដដល់ព្រះនគរកម្ពុជា គឺប្រជាជាតិខ្មែរទូទាំងព្រះនគរបានរស់ក្រោមដំបូលសន្ដិភាព ក្នុងការជួបជុំវង្សត្រកូលខ្មែរតែមួយ ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដខ្មែរជាង៥០០ឆ្នាំ ចាប់តាំងពីការធ្លាក់ចុះអារ្យធម៌អង្គរមក»។ នេះបើតាមលោក រ័ត្ន សណ្តាប់។

លោកបានបន្ថែមថា ចំពោះភាពស្រស់បំព្រងកម្ពុជាសព្វថ្ងៃដែលធ្វើឲ្យមតិជាតិ និងអន្ដរជាតិកោតសរសើរពេញៗមាត់ថា កម្ពុជាកំពុងរស់ក្នុងភាពសុខសាន្ដ និងការរីកចម្រើនសព្វបែបយ៉ាងនេះ គឺចេញពីការអនុវត្ដរបស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្ដក្រឹត្យក្រមតាមរយៈរដ្ឋធម្មនុញ្ញបានយ៉ាងប្រពៃនេះឯង។ ជាក់ស្ដែង ដូចសម្ដេចតេជោបញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយចម្រុះពណ៌ ក្នុងការទំនាក់ទំនងគ្រប់បណ្ដាប្រទេសទំាងអស់ ពោលមិនថាចិន អាមេរិក រុស្ស៉ី អឺរ៉ុប ឬបណ្ដាប្រទេសនានាក្នុងសកលលោក គឺសុទ្ធតែជាមិត្ដកម្ពុជាទំាងអស់ ដែលនេះហើយហៅថា គោលការណ៍អព្យាក្រឹត្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញកម្ពុជា ក៏បានបញ្ជាក់ថា ប្រទេសនេះប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ហើយបើតាម លោក រ័ត្ន សណ្តាប់ គឺកម្ពុជាបានបើកទូលាយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ របស់ប្រទេសមហាអំណាចទំាងអស់ មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកកំាង មានដូចជា Facebook, Google, Microsoft ក្រុមហ៊ុនបច្ចេកវិទ្យាចិន មានដូចជា Wechat TikTok ...ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី មាន Telegram ជាដើម។ បានសេចក្ដីថា កម្ពុជាជាទីផ្សារក្នុងការប្រកួតប្រជែងដោយសេរីរបស់មហាអំណាចទំាងធំទំាងតូច ហើយនេះក៏បង្ហាញថា កម្ពុជាពុំមែនជាប្រទេសចំណុះ ឲ្យប្រទេសមហាអំណាចណាមួយឡើយ។ រដ្ឋធម្មនុញ្ញ គឺជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជា រស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។

ចំណែក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គោលការណ៍នៃការបែងចែកអំណាច ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមានការបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ រួមមាន រដ្ឋសភា និងព្រឹទ្ធសភា អំណាចនីតិប្រតិបត្តិ គឺមានរាជរដ្ឋភិបាល ដែលមានភារកិច្ចដឹកនាំ រៀបចំ និងអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រជាតិ និងអំណាចតុលាការ ដែលគ្របដណ្ដប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ ស្ថាប័នតុលាការ ត្រូវបានចាត់ទុកជាទ្រទ្រង់ប្រព័ន្ធយុត្តិធម៌សង្គម។

លោកបញ្ជាក់ទៀតថា «២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានីរន្តរភាពជាតិ និងស្ថិរភាពនយោបាយកម្ពុជា និងជាប្រភពអំណាចដ៏ស្របច្បាប់តែមួយគត់របស់ប្រជារាស្ត្រខ្មែរ និងជាប្រភពធម្មានុរូបនៃរាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ។ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងអណត្តិនីមួយៗ បានអនុវត្តរដ្ឋធម្មនុញ្ញបានយ៉ាងខ្ជាប់ខ្ជួននូវបណ្តាគោលការណ៍នានានៃរដ្ឋធម្មនុញ្ញ»

បើតាមលោក គិន ភា, រដ្ឋធម្មនុញ្ញនេះបាននាំត្រឡប់មកវិញនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ នេះជាលើទី២ សម្រាប់កម្ពុជា ដែលរបបរាជានិយមទំនើប គឺរបបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានអនុវត្ដនៅកម្ពុជា។ របបរាជានិយមទំនើប គឺជារបបរាជានិយម ដែលព្រះមហាក្សត្រប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ ប៉ុន្តែមិនកាន់អំណាច។

ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្តែងថា ប្រទេសនេះជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលតែងតែគោរពតាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើរមុខ ស្មើមាត់ជាមួយប្រទេសដទៃ ដើម្បីបម្រើប្រយោជន៍ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញ ដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកល ក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី។

លោកបន្ថែមថា ការដាក់ដំណើរការ រដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញាតឲ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិ ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់ រហូតមកដល់សព្វថ្ងៃនេះ។

«រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»។ នេះបើតាមលោក ហ៊ុន ម៉ានី។

បើតាមក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា រដ្ឋធម្មនុញ្ញដែលកំពុងប្រើបច្ចុប្បន្ននេះ គឺជាច្បាប់កំពូលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២នេះ បានក្លាយជារដ្ឋធម្មនុញ្ញ មានអត្ថិភាព និងអាយុវែងជាងគេ បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។

ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ គ្រប់ស្ថាប័នរដ្ឋទាំងអស់របស់កម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។ នេះជាការបញ្ជាក់របស់ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។

ស្ថាបនិកដំបូងបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបដំបូងនៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ ដែលជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ពោលគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

បើតាមលោក ព្រហ្ម វិចិត្រអក្ខរា, តាមរយៈរដ្ឋធម្មនុញ្ញនេះ អ្វីដែលឆ្លុះបញ្ចាំងជាក់ស្តែងនោះ គេសង្កេតឃើញថា ប្រទេសជាតិកម្ពុជាទាំងមូល មានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យពិភពលោកកោតសរសើរ៕

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ