(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមព្រំដែននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវគោរពបទបញ្ជាររាជរដ្ឋាភិបាល អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និងជាពិសេសត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

ការអំពាវនាវបែបនេះរបស់នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំអំណោយមាន សម្ភារ និងថវិកា មកចែកជូននាយ នាយរង និងពលទាហាន នៅក្នុងវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ត្រី ផាន់ និមត្ត តំណាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ព្រមទាំងនាយទាហានជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ហូ សិទ្ធី ព្រមទាំងថ្នាក់ដឹកនាំខុទ្ទកាល័យ ក្រុមជំនួយការ ក្រុមទីប្រឹក្សា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ធានាគារកាណាឌីយ៉ា ជូននាយ នាយរង និងពលទាហាន នៅក្នុងអង្គភាពវរសេនាតូច៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ជាទៀងទាត់ណាស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពរវរសេនាតូច៣៨៥ តែងបានរៀបចំជាទៀងទាត់កម្មវិធីចុះសួរសុខទក្ខ សំណេះសំណាល ព្រមទាំងបាននាំសម្ភារ ថវិកា មកចែកជូននាយ នាយរង និងពលទាហាន មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មុនពិធីបុណ្យភ្ជុំបិណ្ឌ និងមុនបុណ្យជាតិ៧មករា ដើម្បីជួយសម្រួលដល់ការខ្វះខាត និងមួយផ្នែកសម្រាប់ការកសាងអង្គភាព។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១០,០០០ម៉ាស់ និងថ្នាំចិនចំនួន ២៨,៨០០គ្រាប់ លោកសាស្ត្រាចារ្យ ហាក់ ចាន់រឿន លោកសាស្ត្រាចារ្យ អ៊ូច ឌីណា លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានឧបត្ថម្ភម៉ាស ចំនួន៥កេសធំ ស្មើ១,២៥០០ម៉ាស់ និងអាល់កុល២០កាន។

សម្ភារដែលប្រគល់ជូននៅពេលនេះរួមមាន៖ នាយ នាយរង និងពលទាហានចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន១៦ម៉ឺនរៀល, ប្រគល់ជូនអង្គភាពវរសេនាតូច៣៨៥ ចំនួន៥,០០០ដុល្លារ និងទុយោមុខកាត់៤០ ចំនួន១,៦០០ម៉ែត្រ ផងដែរ៕