(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមេសានេះ នៅទីស្នាក់ការក្រសួងការបរទេស។

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវដាក់លោក ប្រាក់ សុខុន ជំនួសលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានស្នើសុំលាលែងពីតំណែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានស្នើសុំលាលែងចេញពីតំណែងទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសម្តេច បានសុំឱ្យលោក ហោ ណាំហុង នៅជាឧបនាយករដ្ឋមន្រ្តី ដើម្បីជួយដោះស្រាយការងាររបស់រាជរដ្ឋាភិបាល៕