(កណ្ដាល)៖ ម្ចាស់ឡានដែលត្រូវបានឃាត់ទុកទាំងឡាយត្រូវគោរពតាមលក្ខខណ្ឌរបស់ក្រសួងឱ្យបានគ្រប់ចំនួន ហើយក៏ត្រូវបង់ថ្លៃយាមឡានតាមកិច្ចព្រមព្រៀងឱ្យបានចប់សព្វគ្រប់ជាមុនសិន ទើបអាចយករថយន្តរបស់ពួកគាត់ចេញបានដោយគ្មានបញ្ហា។ នេះបើតាមលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ។

ប្រធានមន្ទីរ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រោយម្ចាស់ឡានមួយចំនួនដែលពុំបានយល់ដឹងពីចំណុចនេះបានចោទប្រកាន់ថា មន្ទីរសាធារណការមិនគោរពតាមការណែនាំរបស់សម្ដេចតេជោ ខណៈដែលម្ចាស់ឡានពុំបានបង់ថវិកាសម្រាប់ថ្លៃយាមឡានទៅឲ្យប្រជាការពារតាមការព្រមព្រាងនោះឡើយ»

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា សម្រាប់ការដែលត្រូវបង់ផាកពិន័យ គឺត្រូវបង់ទៅតាមការណែនាំរបស់ក្រសួង ហើយចំណុចពិសេសមួយទៀតនោះ គឺការបង់ថ្លៃសម្រាប់ការយាមកាមឡានរបស់ពួកគាត់ជាមួយនឹងប្រជាការពារតាមកិច្ចព្រមព្រាងដែលបានចែងរួច គ្មានជាប់ពាក់ព័ន្ធជាមួយនឹងមន្ទីរសាធារណៈការនោះឡើយ។

ជាមួយគ្នានេះដែរ លោក មឹង យូឡេង បានឱ្យដឹងថា យោងតាមមាត្រា៦០ ច្បាប់ផ្លូវថ្នល់ និងសេចក្ដីជូនដំណឹងលេខ០៤៩ កាតព្វកិច្ចបង់ថ្លៃឈ្នួល, កន្លែងរក្សាទុក និងយាមរថយន្ត ជាកតព្វកិច្ចរបស់ម្ចាស់យានយន្ត គ្មានជាប់ពាក់ព័ន្ធនឹងមន្ទីរសាធារណការឡើយ ខណ:ដែលមន្ទីរគ្រាន់តែសម្របសម្រួលរកទីតាំង និងរកអ្នកយាមឱ្យប៉ុណ្ណោះ ហើយទាំងទ្វេភាគីមានកិច្ចព្រមព្រាងគ្នាត្រឹមត្រូវ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោកស្រី មាម ឡៃ ប្រធានក្រុមប្រជាការពារដែលយាមឡាននៅក្រុងតាខ្មៅ បានបញ្ជាក់ថា «យើងបានព្រមព្រៀងគ្នាក្នុងការប្រជុំមួយដែលមានមន្ត្រី នៃមន្ទីរសាធារណការចូលរួមផងដែរតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១មក ដោយបានឯកភាពទាំងអស់គ្នាក្នុងតម្លៃ២ម៉ឺនរៀល ក្នុងមួយថ្ងៃសម្រាប់ការយាមកាមរថយន្តរបស់ពួកគាត់»

គួរជម្រាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានធ្វើការឃាត់រថយន្តដឹកលើសពី២០ភាគរយ នៃទម្ងន់សរុបទុករយៈពេលមួយឆ្នាំបានចំនួន៦០គ្រឿង ដោយក្រុងតាខ្មៅ មានចំនួន ២៣គ្រឿង (បើករត់២គ្រឿង) មិនទាន់បង់ពិន័យ៣គ្រឿង, ស្ថានីយ៍អចល័តក្រសាំងចំនួន ១០គ្រឿង, អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន១៣គ្រឿង, អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលចំនួន៨គ្រឿង និងស្ថានីយ៍ចល័តអង្គស្នួលចំនួន៦គ្រឿង (មិនទាន់បង់ពិន័យ១គ្រឿង)។ នេះបើគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យការដោះលែងយានយន្តដែលត្រូវបានឃាត់ទុកនៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ៕