(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា
ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖
*ទី១៖ បុគ្គលដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណថាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលទីតាំង ឬទីកន្លែង ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋានហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។
*ទី២៖ មាតាបិតា ឬអាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលនាំយកពួកគេចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា ផ្សាររដ្ឋផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវ
បានអនុញ្ញាតឱ្យបើកដំណើរការ។
*ទី៣៖ ចំពោះកុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅត្រូវទទួលបានវ៉ាក់សាំង មិនមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងនោះទេ។
*ទី៤៖ ចំពោះគ្រឹះស្ថានសិក្សា គណៈនាយក ឬគណៈគ្រប់គ្រងត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្ស-និស្សិត ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា (សម្រាប់តែមួយលើកគត់) និងត្រូវធ្វើការត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ។
*ទី៥៖ គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំងម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ឬ ទីកន្លែងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំខាងលើនេះ ហើយប្រសិនបើមានបុគ្គលណាម្នាក់ មិនព្រមសហការបង្ហាញ ប័ណ្ណចាក់វ៉ាក់សាំងដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬ ទីកន្លែងរបស់ខ្លួនឡើយ និងត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់។
*ទី៦៖ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ ណែនាំខាងលើ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕