(អេហ្ស៊ីប)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (ISIS) នៅថ្ងៃទី០៥ ខែមេសានេះ បានបង្ហាញនូវវីដេអូមួយ ប្រកាសថា ខ្លួនអាចវាយប្រហារបន្ថែមទៀត លើបណ្តាប្រទេសលោកខាងលិច ក្នុងនោះបានបញ្ជាក់ថា ​ទីក្រុង London ចក្រភពអង់គ្លេស, ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ និង​ទីក្រុង Rome របស់ប្រទេសអ៊ីតាលី អាចជាគោលដៅដែលត្រូវវាយប្រហារ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ។ 

សមាជិកក្រុម ISIS មួយរូប ដោយនិយាយជាភាសាអង់គ្លេស នៅក្នុងឃ្លីបវីដេអូ បានឲ្យដឹងថា «ប្រសិនបើម្សិលមិញ មានការវាយប្រហារនៅទីក្រុង Paris, ហើយថ្ងៃនេះទីក្រុង Brussels, ព្រះ Allah ដឹងទេថាកន្លែងណា ​អាចនឹងកើតឡើងសម្រាប់ថ្ងៃស្អែក។ ប្រហែលជាវានឹងកើតឡើង នៅក្នុងទីក្រុង London ឬទីក្រុង Berlin ឬក៏ទីក្រុង Rome»។

ក្រុមឧទ្ទាម ISIS បានអះអាងទទួលខុសត្រូវ សម្រាប់ការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស៣១នាក់ ​ក្នុងទីក្រុង Brussels នាខែមីនា ហើយនិងការវាយប្រហារនៅក្នុងទីក្រុង Paris កាលពីខែវិច្ចិកាឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៣០នាក់៕