(ភ្នំពេញ)​៖ នៅយប់មិញនេះ យ៉ាងហោចណាស់ មានករណីស្រវឹងស្រាបើករថយន្ត ទៅបុកនឹងរនាំងដែក និងរនាំងថ្ម​ចែកទ្រូងផ្លូវ២កន្លែង ដោយមួយកន្លែងលើផ្លូវសហព័ន្ធរុស្ស៊ី និងមួយកន្លែងទៀត លើផ្លូវកម្ពុជាក្រោម។

ករណីទី១៖ រថយន្ដ Camry បាឡែន ពាក់ស្លាកលេខភ្នំពេញ ​2V-3211 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោគជាំ បុករនាំចែកទ្រូងផ្លូវបាក់អស់ពីរផ្ទាំង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចមកកើត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១០៖៤០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ក្រោយពេលកើតហេតុអ្នកបើកបរគេចខ្លួនបាត់ ចំណែករថយន្ដបង្កត្រូវបានសមត្ថកិច្ចមូលដ្នាន ស្ទួចយកទៅរក្សាទុក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។

ករណីទី២៖ បុរសម្នាក់បើករថយន្ដម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-6920 បើកបរតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវម៉ៅសេទុងបត់ស្តាំជ្រុលទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដខូចខាត យ៉ាងខ្លាំងទៅមុខលែងរួច នាម៉ោង១១៖១០យប់ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា​ ក្រោយពេលកើតម្ចាស់រថយន្ដរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដចោល នៅកន្លែងកើតហេតុ ហើយរថយន្តត្រូវស្ទួចយកទៅទុក នៅការិយាល័យចរាចរណ៌រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយសងសំណងនៃការខូចខាតនេះ៕