(ភ្នំពេញ)៖ មេធាវីតំណាងជនរងគ្រោះ ជាតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ គឺ​ លោកមេធាវី​​ ជូង​ ជូងី​ បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ ថា​ សំណុំ​រឿង​វាយ​តំណាង​រាស្ត្រ​ពីរ​រូប​ នៅ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥​ កន្លងទៅ​ នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​។ លោក​មេធាវី​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ថា​ តើ​ជនរងគ្រោះ​ទាំង​ពីរ​រូប​ នឹង​ចូលខ្លួន​មក​តុលាការ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា កាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់មានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿនអាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតា​ខ្មៅ ខេត្តកណ្តាល បានចូលមកសារភាពចំពោះមុខគណៈកម្មការស៊ើបអង្កេតករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ។

តាមចម្លើយសារភាពនេះ បានបង្ហាញឲ្យឃើញថា បុរសទាំង៣នាក់ ពុំមែនជាក្រុមបាតុករទេ ហើយសកម្មភាពនេះទៀតសោត គឺកើតឡើងដោយសារតែពួកគេមានកំហឹង ព្រោះអ្នកតំណាងរាស្ត្រទាំងពីរ ប្រើពាក្យសម្តីមិនសមរម្យ។ ដូច្នេះ នៅព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ តុលាការបានសម្រេចឃុំខ្លួនបុរសទាំង៣នាក់នេះ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង បទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។

ទាក់ទិននឹងការសារភាពនេះ អ្នកតំណាង​រាស្ត្រ​ទាំងពីរ បានបដិសេធថា ពុំមានបានប្រើពាក្យសម្តី មិនសមរម្យនោះទេ៕