(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចចោតប្រកាន់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយចេញថ្លែងការណ៍ជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល។

តាមប្រកាសរបស់អយ្យការអមសលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមានឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ និងគូកន ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

«ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្តីអំពាវនាវរបស់បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២១ ដែលមាន ខ្លឹមសារបង្កប់នូវ “ការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ក្រោមឧបាយកលអំពាវនាវ ញុះញង់កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ផែនការទុច្ចរិតក្នុងការញុះញង់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា បន្ទាប់ពីបានផ្សព្វផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិសាយប្រឺស (Cyprus) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៉ី ដែលមានសំណុំរឿងយ៉ាងច្រើននៅតុលាការ បានចេញសេចក្តីប្រកាសមួយដោយជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងរៀបចំប្រទេសកម្ពុជាឡើងវិញ៕