(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទ។
តាមរយ:ហ្វេសបុកផ្លូវការរបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា កិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។
លោកអះអាងថា ក្នុងការពិភាក្សាតាមទូរស័ព្ទនេះលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានបញ្ជាក់ប្រាប់លោកថា AUKUS មានបំណងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ជាការឆ្លើយតាប លោកបានបញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួម ហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
លោកបានបន្ថែមថា យើងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន។
ភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ត្រូវបានបង្កេីតឡេីងដោយ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដូច្នេះហើយ អូស្រ្តាលីក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង ពីប្រទេសបារាំង។ ចំណែកបារាំងវិញ បានខឹងសម្បារជាខ្លាំង ដោយបានកោះហៅទូតរបស់ខ្លួន នៅសហរដ្ឋអាមេរិកនិងអូស្រ្តាលី ទៅកាន់ប្រទេសវិញភ្លាមៗផងដែរ៕