(ពោធិ៍សាត់​)៖​ រថយន្តដឹកកុងតឺន័រ​មួយគ្រឿង បានបើកបុករះរថយន្តស៊េរីទំនើបៗ​ និង​ម៉ូតូជាច្រើនគ្រឿង ​នាវេលាព្រឹក​ថ្ងៃទី​០៦​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ។

ភាគីរថយន្តទំនើបៗដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាសាច់ញាតិ និងមិត្តភក្តិលោក ហ៊ុន សុភក្តិ ដែលត្រូវជាប្អូនថ្លៃលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលទើបទទួលបានការតែងតាំងជាមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ដែលនឹងប្រកាសចូលកាន់តំណែងនាព្រឹកមិញនេះផងដែរ ដោយពួកគេនាំគ្នាធ្វើដំណើរទៅចូលរួមប្រកាសការចូល កាន់តំណែងក៏ជួបករណីចរាចរ នៅតាមផ្លូវតែម្ដងទៅ ។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​៖​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារ​រថយន្តដឹកកុងតឺន័រប្រវែង​ ៤០ហ្វីត ទំនងជាអ្នកបើកបរងងុយ​ដេក ហើយដេកលក់មួយភាំង បើកភ្នែកឡើងក៏ជ្រុលបុករះ​ រថយន្ត​ និង​ ម៉ូតូជាច្រើនគ្រឿង​ បណ្តាលឲ្យក្រឡាប់កាត់ទទឹងផ្លូវ​ នៅចំណុចភូមិឃុំកើតហេតុខាងលើតែម្ដងទៅ​ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកកុងតឺន័រខាងលើ បើកបរក្នុងទិសដៅពី ខេត្តពោធិ៍សាត់ឆ្ពោះមកភ្នំពេញ ហើយក្បួនរថយន្តទំនើបៗបើកបន្តគ្នា ក្នុងទិសដៅពីភ្នំពេញទៅខេត្តពោធិ៍សាត់។ លុះទៅដល់ចំណុច កើតហេតុស្រាប់តែរថយន្តកុងតឺន័រ រេចង្កូតមកបុកតែម្ដង។

លោកអធិការបានបន្តថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានបណ្តាលឲ្យរថយន្ត Lexus 570 ស្លាកលេខភ្នំពេញ 2L-8879 ខូចខាតមួយចំហៀង និងរថយន្ត​ Ford ហ្វដ ស៊េរីថ្មី ស្លាកលេខភ្នំពេញ 2AE-6127 ខូចខាតផងដែរ និង​ម៉ូតូអ្នកស្រុកដែលកំពុងធ្វើដំណើរ តាមដងផ្លូវខូចខាតមួយចំនួន​ថែមទៀត ។

បច្ចុប្បន្ន​កម្លាំងរបស់អធិការស្រុក​ និង​កម្លាំងមូលដ្ឋាន​ ក្រោមការបញ្ជាផ្ទាល់​ ពីលោក​ ម៉ៅ​ ធនិន​ អភិបាលខេត្ត កំពុង ជួយអន្តរាគមន៍ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍​ និង​ បង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុ​បន្តទៀត ។ ដោយឡែកជនរងគ្រោះ​ ទាំងអ្នករបួសធ្ងន់​ និង​ របួសស្រាល​ ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា​ ៕