(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានថ្លែងថា ការទាមទារឲ្យបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យកាន់តំណែងត្រឹម ២អាណត្តិ (១០ឆ្នាំ) នោះ គឺជាការទាមទារដែលប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

លោក សួន សេរីរដ្ឋា បានលើកឡើងបែបនេះបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានរិះគន់ចំពោះការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់សញ្ជាតិតែមួយសម្រាប់ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយចាត់ទុកថាវាមិនចាំបាច់។ ឧទ្ទឹមនេះ មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ក៏បានជំរុញឱ្យរៀបចំច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី ដោយអនុញ្ញាតឱ្យកាន់តំណែងត្រឹម២អាណត្តិជំនួសវិញ។

លោកសួន សេរីរដ្ឋា បានលើកឡើងថា «ឆ្លើយតបទៅ មេក្រុមនយោបាយរតចោលស្រុក ដែលបន្តរទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ២អាណត្តិ (១០ឆ្នាំ) នោះ ខ្ញុំ មើលឃើញថា បុគ្គលនេះដែលខ្លួនធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ ១៩៩៣ មកនោះគឺជាមនុស្សល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ មិនស្គាល់ច្បាប់ និងមិនស្គាល់អ្វីហៅថា ធម្មនុញ្ញភាពនៃច្បាប់នោះទេ !»

លោកបានបន្តថា៖ នៅចំពោះមុខនេះច្បាប់ដែលសំខាន់គួរបង្កើតមួយទៀតនោះគឺ «ច្បាប់ហាមឃាត់ជនទាំងឡាយណា ដែលធ្លាប់រងបទចោទប្រកាន់ពីតុលាការ និងមានទោសព្រហ្មទណ្ឌដោយសាលក្រមស្ថាពររបស់តុលាការ ចំនួន ៣ ដង ក្នុងមួយជីវិត គឺត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ជាបេក្ខជនតំណាងរាស្ត្រ និងជាបេក្ខជនសម្រាប់ការបោះឆ្នោតទាំងអស់»

លោកបានបន្ថែមទៀតថា ចំណែកការទាមទារឲ្យបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ២ អាណត្តិ (១០ ឆ្នាំ) នោះវាគឺជាការទាមទារដែលប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ! ពីព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ១៩.- ថ្មី (១) ចែងថា ៖ តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបជានាយករដ្ឋមន្ត្រី ពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឲ្យបង្កើតរាជរដ្ឋាភិបាល ។

«ដូច្នោះសូមបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសប្រកាន់របបសភានិយម ដែលមានការបោះឆ្នោតជាសាកលជ្រើសតាំងសមាជិកសភារៀងរាល់ ៥ ឆ្នាំម្តង តែគ្មានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ ! ។ មានតែអ្នកនយោបាយ និងអ្នកវិភាគ ល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ តែប៉ុណ្ណោះ ដែលតែងតែលើកឡើងនិងទាមទារដដែលៗឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ទាំងមិនព្រមអាន មុនព្រមរៀនសូត្រពីច្បាប់របស់ប្រទេសជាតិខ្លួនឯង»