(ស្ទឹងត្រែង)៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារខេត្ត លោក ហ៊ាង ប៉ូលី បានថ្លែងថា ដោយយោងទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ស្តីពីការបើកសាលារៀនឲ្យដំណើរការឡើងវិញ មន្ទីរអប់រំបានពិនិត្យឃើញថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ បានថមថយហើយ ខេត្តស្ទឹងត្រែងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញ ពិសេសនៅកន្លែងដែលមានហានិភ័យទាប។

ការថ្លែងបែបនេះរបស់លោកប្រធានមន្ទីរអប់រំ ធ្វើឡើងនាឱកាសទទួលជំនួយម៉ាស់ និងសម្ភារបដាផ្សព្វផ្សាយមួយចំនួនពីរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការសុវណ្ណភូមិ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

លោក ហ៊ាង ប៉ូលី បានយ៉ាងដូច្នេះថា «ដោយយោងទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ស្តីពីការបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្រោយពីបានពិនិត្យឃើញថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ បានថមថយហើយ ខេត្តស្ទឹងត្រែងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញ ពិសេសនៅកន្លែងដែលមានហានិភ័យទាប»

ជាមួយគ្នានោះ លោកប្រធានមន្ទីរអប់រំក៏បានជំរុញដល់លោកគ្រូអ្នកគ្រូទូទាំងខេត្តស្ទឹងត្រែង ត្រូវបន្តសកម្មភាពអប់រំណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នោះឡើយ។

លោកបានបន្តអំពាវនាវសូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង ៣កុំ»៕