(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា​-NACC បានថ្លែងឲ្យដឹងថា រយៈពេល៨ឆ្នាំកន្លងមកនេះ ច្បាប់សហជីពត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ តាមរយៈសិក្ខាសាលាថ្នាក់ជាតិ ជាលក្ខណៈទ្វេរភាគី ត្រីភាគី និងពហុភាគី ដែលបានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធតស៊ូមតិ បញ្ចេញយោបល់ និងស្នើយោបល់យ៉ាងផុលផុស ធ្វើឲ្យច្បាប់មួយនេះ​ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ រហូតដល់មានមាត្រាជាច្រើន ត្រូវបានចែងល្អប្រសើរជាងការអនុវត្តបច្ចុប្បន្ន។

លោកបានបន្ថែមថា ក្នុងក្របខ័ណ្ឌប្រទេសប្រកាន់នូវលទ្ធិប្រជាធិបេត្យ លោកស្វាគមន៏និងគោរពចំពោះទស្សនៈយល់ឃើញ របស់អ្នកពាក់ព័ន្ឋនានា ទៅលើច្បាប់សហជីព រួមទាំងការធ្វើយុទ្ឋនាការផ្សេងៗផងដែរ ក្នុងនោះរួមទាំងយុទ្ឋនាការប្រឆាំង និងទាំងយុទ្ធនាការគាំទ្រ។

ប៉ុន្តែមកដល់ម៉ោងនេះច្បាប់សហជីព​ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ដូចនេះស្នើសុំសហជីពគ្រប់និន្នាការនយោបាយទាំងអស់ បញ្ចប់នូវយុទ្ឋនាការរបស់ខ្លួន ហើយត្រៀមខ្លួន ចូលរួមអនុវត្តច្បាប់ឲ្យមានប្រសិទ្ឋិភាព ដើម្បីរួមចំណែកថែរក្សា និងការពារ ស្ថេរភាពសេដ្ឋកិច្ចជាតិយើង។

លោកបានបញ្ជាក់ថា ច្បាប់សហជីពវាមិនមែនជារឿងចម្លែកទេ នៅបណ្តាប្រទេសជាច្រើននៅលើពិភពលោក ក៏មានច្បាប់សហជីពដែរ ដូចនេះហេតុអី្វក៏ប្រទេសកម្ពុជា មិនអាចមានច្បាប់សហជីព?

ហេតុអ្វីបានជាអ្នកពាក់ព័ន្ធមួយចំនួន ជាពិសេសអ្នកសហជីពខ្លះមិនពេញចិត្តចំពោះច្បាប់នេះ?។ លោកបានពន្យល់ថា ប្រសិនបើអ្នកសហជីពមិនចង់ឲ្យមានច្បាប់នេះ គឺហាក់បីដូចបានបង្ហាញនូវភាពមិនប្រក្រតីរបស់អ្នកសហជីពមួយចំនួន ដែលតែងតែស្រែកទាមទារចង់បានយុត្តិធម៌​ សង្គមចង់បានប្រទេសនីតិរដ្ឋ តែមិនចង់បានច្បាប់ដែលតម្រូវឲ្យខ្លួនឯងអនុវត្តទៅវិញ៕