(ភ្នំពេញ)៖ នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ បាន​បញ្ចូន​បុរស​ម្នាក់​មក​តុលាការ​ ​ដើម្បី​សាកសួរ​ករណី​​រំលោភលើទំនុកចិត្ត លួចលក់អចលន​វត្ថុ​អ្នកដទៃ បទក្លែងលិខិតសាធារណៈ និង​បទ ប្រើលិខិតសាធារណៈ​ក្លែង​ ប្រយោជន៍​ស៊ី​ដាច់​ដី​ របស់​ម្ដាយ​ក្មេក​តម្លៃ​ជិត​១លាន​ដុល្លារ​។

សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ បុរស​រូប​នេះ​ឈ្មោះ ​ប៉ម សុផា អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ​៣៣២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ ត្រូវ​បានម្ដាយបង្កើត និងម្ដាយក្មេក ឈ្មោះ អ៊ុត អឿន អាយុ៧៧ឆ្នាំនិងឈ្មោះ សាង ង៉ែត ភេទប្រុស​ អាយុ៥៧ឆ្នាំ ប្ដឹងចោទពីបទ រំលោភលើទំនុកចិត្ត បទ​លួចលក់អចលន​វត្ថុ​អ្នកដទៃ បទក្លែងលិខិតសាធារណៈ និង​បទ ប្រើលិខិតសាធារណៈ​ក្លែង។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ កាលពីឆ្នាំ ១៩៩៤ និងឆ្នាំ២០០២ ដើម​បណ្ដឹង​បានចូលលុយគ្នាទិញដីទំហំ១១៥​ម៉ែត្រ​គុណនឹង​១១០ម៉ែត្រ ​ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ​ដង្កោ ជាអតីតភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន​។ ក្រោយ​មក​ ក្នុងអំឡុងឆ្នាំ២០១៥​ ដើម​បណ្ដឹង​បានឲ្យ​កូនប្រសារឈ្មោះ ប៉ម សុផា និងកូនបង្កើតឈ្មោះ​ សាង សេរី ជួយរកម៉ូយលក់​ដីនេះ​។

លុះមកដល់ចុងខែធ្នូ២០១៥ ស្រាប់តែកូនប្រសារនិងកូនបង្កើតលួចលក់ដីនោះក្នុងតំលៃជិត​១​លានដុល្លារយកប្រាក់ ធ្វើជាប្រយោជផ្ទាល់ខ្លួន មិនប្រគល់អោយ​ដើម​បណ្ដឹង​នោះ​ទេ។

បន្ទាប់ពីដឹងរឿងនេះ​ ដើម​បណ្ដឹង​ បាន​ស្រាវជ្រាវនៅសាលាសង្កាត់បឹងទំពុន​ ដោយ​រកឃើញលិខិតផ្ទេរ​សិទ្ធិ​ដីនិងផ្ទះលេខ ០២៣/២០០៣ ចុះថ្ងៃទី០៩ កុម្ភៈ ឆ្នាំ ២០០៣ ពីឈ្មោះ អ៊ុត អឿន ទៅឲ្យ​ឈ្មោះ ប៉ម សុផា និងឈ្មោះ​ សាង សេរី​ លើដីទំហំ​ ១៧៣​ម៉ែត្រ​គុណនឹង​១២០ម៉ែត្រ​ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន​ ដែលបច្ចុប្បន្នភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ​ដង្កោ ដែលលិខិតនេះបានក្លែងស្នាមមេដៃស្ដាំរបស់​ដើម​បណ្ដឹង​និងក្លែងស្នាមមេដៃស្ដាំមេភូមិឈ្មោះ ឃឹម វ៉ាន់ ធ្វើជាសាក្សី។ ប៉ុន្តែមេភូមិបានចេញលិខិតបដិសេធថា​ស្នាមមេដៃ​ ហើយថែមទាំងបានបញ្ជាក់ថាយាយ អ៊ុត អឿន មិនបានផ្ទេសិទ្ធិកាន់កាប់ដីនោះទេ។ ប៉ុន្តែឈ្មោះ ប៉ម សុផា និងឈ្មោះ​ សាង សេរី បានក្លែងឯកសារផ្ទេរ​សិទ្ធិ។

ដោយសារមានអំពើទុច្ចរិតនេះ ហើយទើប​ដើម​បណ្ដឹង​ប្ដឹងឲ្យ​ចាប់ខ្លួន ​កូនប្រសារតែម្ដង។ ទោះបី​យ៉ាងណា​ រហូតដល់​ទល់​ពេល​នេះ​ តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ៕