(ភ្នំពេញ)៖ សហព័ន្ធកីឡាយានយន្ដកម្ពុជា និងសមាគមរាជយានយន្ដនៃប្រទេសថៃ បានសម្រេចចិត្តចុះអនុស្សារណៈ(MOU) លើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាយានយន្ដប្រទេសទាំងពីរ ឆ្ពោះទៅរក ភាពខ្លាំង និងឈានទៅប្រកួតប្រជែងលើឆាកអន្ដរជាតិនៅថ្ងៃអនាគត ។

ពិធីចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី០៥ ខែមេសានេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡា យានយន្ដកម្ពុជា និងលោក Banphot Hongthong ប្រធានសមាគមរាជយានយន្ដនៃប្រទេសថៃ ។

ថ្លែងក្នុងឱកាសនោះដែរលោក មៀច សុផាន់ណា បានមានប្រសាសន៍ថា អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុង គោលបំណងធំ គឺដើម្បីរឹតចំណងមិត្តភាពរវាងសហព័ន្ធកីឡាទាំងពីរ លើកិច្ចសហប្រតិបត្តិការនានា ទាក់ទងនឹងវិស័យកីឡាយានយន្ដ និងទេសចរណ៍យានយន្ដ ដែលស្ថិតក្រោមក្របខណ្ឌនៃសហព័ន្ធកីឡាយានយន្ដ អន្ដរជាតិ (FIA) ។

លោកបន្ដថា ហេតុនេះសហព័ន្ធទាំងពីរនឹងការគាំទ្រ និងដោះដូរបទពិសោធន៍ទៅវិញទៅមក ដូចជាមន្ដ្រីបច្ចេកទេស អ្នកជំនាញយានយន្ដ គ្រូជំនាញ និងកីឡាករ-កីឡាការិនីជាដើម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាយានយន្ដប្រទេស ទាំងពីរឆ្ពោះទៅរកភាពជោគជ័យ កាន់តែខ្លាំង ដោយផ្ដោតលើបញ្ហាសុវត្ថិភាព និងការពារបរិស្ថាន  ប្រកបដោយស្មារតី មិត្តភាព ក៏ដូចជាបង្កើនភាពទាក់ទាញទេសចរណ៍ ផងដែរ ។

តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះដែរ លោក មៀច សុផាន់ណា បានមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាយានយន្ដកម្ពុជា នឹងកាន់តែមានសមត្ថភាពមួយកម្រិតបន្ថែមទៀត ដើម្បីឆ្ពោះទៅចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍អន្ដរជាតិ ហើយសហព័ន្ធក៏គ្រោង នឹងបន្ដកិច្ចសហប្រតិបត្តិការបែបនេះ ជាមួយនឹងបណ្ដាប្រទេសរីកចម្រើន មួយចំនួនទៀត ដូចជាប្រទេសសិង្ហបុរី និងប្រទេសជប៉ុន ជាដើមផងដែរ ៕