(កណ្តាល)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកទាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ត្រូវសហការគ្នាបង្រ្កាបបទល្មើស មិនត្រូវឱបបទល្មើសទុកយកស្នាដៃ និងមុខមាត់នោះទេ។ នាយឧត្តមសេនីយ៍ នេត សាវឿន បង្ហាញការជឿជាក់ថា ការបង្រ្កាបបទល្មើសនឹងមានប្រសិទ្ធភាព ប្រសិនបើកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកចេះសហការគ្នា។

ការថ្លែងជំរុញឲ្យសមត្ថកិច្ចសហការគ្នាបង្រ្កាបបទល្មើសរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលសភាពការណ៍ និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០ ១៦ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាល្ងាចថ្ងៃទី៥ ខែមេសា។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើងបន្ទាប់ពីគេមើលឃើញថា កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ហាក់ធ្វើការមិនចុះសម្រុងគ្នា ហើយតែងព្យាយាមដណ្តើមស្នាដៃ និងមុខមាត់ នៅពេលបង្រ្កាបបានបទល្មើសម្តងៗ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងជំរុញយ៉ាងដូច្នេះ «ខ្ញុំជឿជាក់លើកិច្ចសហការរវាងនគរបាល ជាមួយកម្លាំងសមត្ថកិច្ចដទៃ រវាងនគរបាល ជាមួយអាជ្ញាធរដែនដី សូមឲ្យបង្កើនកិច្ចសហការ។ ដើម្បីបង្កើនកិច្ចសហការបានល្អទាមទារឲ្យគ្រប់អង្គភាពត្រូវលះ បង់ជំងឺតួឯក និងមុខមាត់ ឥឡូវសាករួមគ្នាសាកល្បងមើល ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេតំបន់ប្រតិបត្តិការសឹក កុំឱបមុខសញ្ញា យកអាហ្នឹងបញ្ចេញមក បញ្ចេញទៅប៉េអឹម បញ្ចេញទៅនគរបាល បញ្ចេញទៅកម្លាំងសហការឲ្យជួយតាមចាប់គ្នា ព្រោះអានេះចោររួមអត់មានកម្មសិទ្ធិបញ្ញារបស់នរណាទេ។ ត្រូវចាប់វាឲ្យបាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»

នាយឧត្តសេនីយ៍ នេត សាវឿន ក៏បានស្នើឲ្យព្រះរាជអាជ្ញា ឬចៅក្រម ចូលរួមសហការផងដែរ ក្នុងប្រគល់តួនាទីទៅកម្លាំងសមត្ថកិច្ច ផ្នែកណាមួយ (នគរបាល ឬកងរាជអាវុធហត្ថ) តាមចាប់មុខសញ្ញា។ ក្នុងន័យនេះ គឺលោកអគ្គស្នងការនគរបាលជាតិ ចង់ឲ្យតុលាការប្រគល់ភារកិច្ចតាមចាប់មុខសញ្ញា ទៅកម្លាំងសមត្ថកិច្ចយោងតាមការងារស្រាវជ្រាវ របស់កម្លាំងសមត្ថកិច្ច ពោលបើកម្លាំងនគរបាល មានឯកសារស្រាវជ្រាវ និងស៊ើបអង្កេតបានច្រើនជាង ប្រគល់ករណីនោះទៅឲ្យនគរបាលចាត់ការបន្ត តែបើសំណុំរឿងនោះ កងរាជអាវុធហត្ថស៊ើបអង្កេត និងមានឯកសារច្រើនជាង ប្រគល់ករណីនោះ ទៅកងរាជអាវុធជាអ្នកចាត់ការបន្ត៕