(ភ្នំពេញ)៖ សាលាខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានសង្កាត់ទាំង៦ នៃខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦​ នេះ។ មូលដ្ឋានសង្កាត់ទាំង៦ នៃខណ្ឌឫស្សីកែវដែលត្រូវផ្តល់ជូន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ មានដូចជា សង្កាត់ទួលសង្កែ ផ្តល់ជូន ២,០០០សន្លឹក សង្កាត់ស្វាយប៉ាក ចំនួន៤៧៣សន្លឹក សង្កាត់គ.ម៦ ចំនួន១,០៧៨សន្លឹក សង្កាត់ច្រាំងចំរេះ១ ចំនួន១,១៤៧សន្លឹក សង្កាត់ច្រាំងចំរេះ២ ចំនួន១,១៦៧ សន្លឹក សង្កាត់ឫស្សីកែវ ចំនួន១,៧៥១សន្លឹក។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលចែកជូនប្រជាពលរដ្ឋនៅសង្កាត់ទាំង៦ នៃខណ្ឌឫស្សីកែវ សរុបមានចំនួន៧,៦១៦សន្លឹក ក្នុងនោះមានប្រុស៣,៧២០សន្លឹក។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ទទួលផែនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតំណាង លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមានអ្នកចូលរួមសរុប២៥នាក់។

គោលបំណងនៃការរៀបចំកិច្ចប្រជុំខាងលើនេះ គឺដើម្បីជូនដំណឹងដល់ ចៅសង្កាត់, នាយប៉ុស្តិ៍ និងមេភូមិទាំងអស់ យកអត្តសញ្ញាណប័ណ្ណដែលទទួលបាននាពេលនេះ ទៅចែកជូនប្រជាពលរដ្ឋ អោយបានដល់ដៃ និងតាមខ្នងផ្ទះ។

ជាពិសេសគឺស្នើឲ្យ អាជ្ញាធរភូមិ-សង្កាត់ សួរបងប្អូនប្រជាពលរដ្ឋបន្ថែមថា ពួកគាត់បានទៅចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណហើយឬនៅ? បើមិនទាន់មានសូមអាជ្ញាធរ ភូមិ-សង្កាត់ជួយដោះស្រាយបន្ទាន់៕