(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសពូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ ក្នុងវគ្គជម្រុះពានរង្វាន់ “ជើងឯកប្រចាំទ្វីបអាស៊ី” AFC ASIAN Cup 2019 ដែលមានប្រទេស អារ៉ាប់រួម (UAE) ធ្វើម្ចាស់ផ្ទះសម្រាប់យុទ្ធនាការលើកទី១៧នេះ។

យោងតាមគេហទំព័ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានឲ្យដឹងថា នេះជាបេសកកម្មថ្មីមួយ ទៀតសម្រាប់ក្រុមជម្រើសជាតិទាំងឡាយណា ដែលមិនអាចបន្តដំណើរទៅប្រកួតជម្រុះជុំទី៣ នៃ FIFA World Cup 2018 នៅរុស្ស៊ីបាន ដែលទើបតែបញ្ចប់កាលពីចុងខែមីនា ឆ្នាំ២០១៦ ដើម្បីធ្វើការចាប់ឆ្នោតជ្រើសរើសពូលស្អែកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រកួតជម្រុះជុំបឋម នៃពានប្រចាំទ្វីបអាស៊ី AFC ASIAN Cup របស់ខ្លួនវិញ សម្រាប់ឆ្នាំ២០១៩។

ប្រទេសដែលត្រៀមចាំចាប់ពូលសម្រាប់វគ្គជម្រុះជុំទី១មានរហូតដល់ទៅ១១ជម្រើសជាតិ គឺកម្ពុជា ប៊ូតាន់ តាហ្ស៊ីគីស្ថាន ម៉ាល់ឌីវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា ឡាវ យេមែន បង់ក្លាដេស និងទីម័រខាងកើត ខណៈ ១៦ប្រទេសដែលរង់ចាំប្រកួត ជម្រុះជុំទី២នោះមាន ហ្ស៊កដានី កូរ៉េខាងជើង លីបង់ អូម៉ង់ ប៉ាឡេស្ទីន កៀហ្ស៊ីស៊ីស្ថាន សិង្ហបុរី ហុងកុង ទួរមេនីស្ថាន វៀតណាម ហ្វីលីពីន គុយវ៉ែត កោះហ្គាម បារ៉ែន អាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា។

សូមបញ្ជាក់ដែរថា ការប្រកួតវគ្គជម្រុះ (Play-off) ក្នុងជើងទី១ នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ហើយជើងទី២ នឹងត្រូវធ្វើនៅក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០១៦។ ក្រុមជម្រើសជាតិកង់ហ្គូរូ អូស្រា្តលី ជាក្រុមការពារតំណែងជើងឯកពាន AFC ASIAN CUP 2015 បន្ទាប់ពីយកឈ្នះគូ ប្រជែងជម្រើសជាតិកូរ៉េខាងត្បូង ២-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ខ្លួន៕