(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១នេះ បានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត ប្រភេទវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត បានបន្ដថា ការចាក់វ៉ាក់សាំងនេះដែរ គេសង្កេតឃើញថា អាណាព្យាបាល មាតា បិតា បាននាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ តាមថ្ងៃខែកំណត់របស់ក្រុមគ្រូពេទ្យនៅគ្រប់មណ្ឌល ផ្ដល់វ៉ាក់សាំងការពារទូទាំងខេត្តផងដែរ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងទៅកាន់ក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ថា «ក្តីសង្ឃឹមរបស់ កុមារ និងយុវ័យអាយុ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»

លោកថា ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានយកទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេស គឺអនាគត របស់ក្មួយៗដែលខកខាន ការសិក្សារៀនសូត្រក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដោយសារតែប្រទេសជាតិជួបវិបត្តិជម្ងឺកូវីដ-១៩ ត្រូវផ្អាកជាបណ្តោះអាសន្ននៃការរបង្រៀន និងរៀនជួបជុំសិស្សច្រើន ដោយប្តូរទៅបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច្ច និងបង្រៀនទៅតាមបណ្តុំតូចៗវិញ។

លោកបានបន្ថែមថា ចំពោះក្តីព្រួយបារម្មណនេះ សម្តេចតេជោ បានស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ការពារបន្ថែម ជូនដល់ប្រជាពលរដ្ឋគ្រប់រូបទៅតាមជំហាន ដើម្បីឲ្យមានប្រព័ន្ធការពារភាពស៊ាំ បន្ថែមក្នុងការរស់នៅក្នុងគន្លងថ្មីនៃបរិបទ ជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការឆ្លងជំងឺមួយនេះ ហើយអ្វីរឹតតែសំខាន់នោះ គឺការពារពីការឆ្លងនៅពេល រៀន និងបង្រៀន ក្នុងឱកាសដែលរាជរដ្ឋាភិបា សម្រេចប្រកាសឲ្យបើកដំណើរការ សាលារៀនឡើងវិញទៅតាមតំបន់ដែលមានហានិភ័យកម្រិតទាបពីការឆ្លងជំងឺកូវីដ-១៩ ដោយកំណត់ចំនួនសិស្ស ក្នុង១ថ្នាក់ឲ្យតិចជាង ១៥នាក់។

លោកបានបន្តទៀតថា ជាការគោរពដឹងគុណ និងជាការតបស្នងសងគុណចំពោះប្រមុខ រាជរដ្ឋាភិបាល គឺក្មួយៗ ចៅៗ ត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែ និងបន្តរៀនឲ្យបានជាប់ថ្នាក់ ទាំងអស់គ្នា ដើម្បីចូលរួមកសាងងភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពចំណេះដឹង ជំនាញ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមមូលដ្ឋានរបស់ខ្លួន។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាល សិស្ស លោកគ្រូអ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕