(ភ្នំពេញ)៖ ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍កសិកម្មនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បានចាប់ផ្ដើមប្រមូលទិន្នផល ស្រូវពូជរបស់ខ្លួន លើផ្ទៃដីប្រមាណ៤០ ហិចតា ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ និងដាំដុះដំណាំស្រូវ ប្រមាណ១៦៩០ហិចតា ក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។ ការប្រមូលពូជស្រូវ ដែលជា​ប្រភេទ​ពូជ​ស្រូវក្រអូប មានគុណភាពខ្ពស់ នៅថ្ងៃនេះ គឺដើម្បីទុកសម្រាប់ធ្វើការដាំដុះ ផលិតស្រូវឲ្យបានច្រើនបន្ថែមទៀត ក្នុងជំហានទី២ សម្រាប់ធ្វើការនាំចេញ ខណៈដែលក្រុមហ៊ុន បានយកចិត្តទុកដាក់ខ្លាំង ក្នុងការបន្សុតពូជបានយ៉ាងល្អ ពុំមានជាតិគីមី អាចទទួលបាននូវទិន្នផលខ្ពស់ គុណភាពខ្ពស់ ដើម្បីផលិតតាមតម្រូវការទីផ្សារ នាំចេញរបស់កម្ពុជា​។

លោក តាំង សុខឃី ជំនួយការលោកឧកញ៉ា ឌី ប៉ូ និងជាអ្នកគ្រប់គ្រងទូទៅ ក្នុងគម្រោងអភិវឌ្ឍន៍ដំណាំស្រូវ ក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍​​ បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃនេះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍កសិកម្ម មានមោទនភាព ដែលបានច្រូតកាត់ប្រមូលផល ពូជស្រូវរបស់ខ្លួន ដែលជាពូជស្រូវមានគុណភាពខ្ពស់ ត្រូវបានបន្សុតចេញយ៉ាងល្អ តាមការត្រួតពិនិត្យ បច្ចេកទេសពីប្រទេសចិន គ្មានជាតិគីមី ដើម្បីយកទៅធ្វើការដាំដុះបន្ថែមទៀត បំពេញតម្រូវការ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍កសិកម្ម ប្រមូលផលពូជស្រូវថ្ងៃនេះ ដើម្បីបន្តចែកចាយដល់បងប្អូនប្រជាកសិករ ដែលចង់បានពូជសុទ្ធល្អ សម្រាប់បង្កបង្កើនផល ឲ្យបានទិន្នផលខ្ពស់ ជួយសម្រួលដល់ទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក របស់ប្រទេសកម្ពុជា។

លោក តាំង សុខឃី បានបន្តឲ្យដឹងទៀតថា ការប្រមូលផលពូជស្រូវនៅក្នុងថ្ងៃនេះ ក៏ដើម្បីទុកធ្វើការដាំដុះ នៅក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍កសិកម្ម និងដើម្បីត្រៀមលក់ជូនប្រជាកសិករ ទាំងអ្នករស់នៅក្បែរៗនេះ និងរស់នៅទូទាំងខេត្តនានា ទូទាំងប្រទេស ដើម្បីចង់ចូលរួមអភិវឌ្ឍវិស័យដំណាំ​ស្រូវ ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមផែនការដែលបានកំណត់រហូតដល់១លានតោន ក្នុង១ឆ្នាំ ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតបានពូជស្រូវក្រអូបនេះ ពេលបងប្អូនយកទៅធ្វើការដាំដុះបន្ត គឺពិតជាទទួលបានទិន្នផលខ្ពស់ តាមបំណងដែលប្រាថ្នាចង់បាន ជាក់ជាមិនខាន។

លោកបានសង្កត់ធ្ងន់ថា ក្នុងកសិដ្ឋាននៃក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍​ ​ដោយសារថា យើងបានមកអភិវឌ្ឍក្នុងតំបន់នេះ ក្នុងរយៈពេល១០ឆ្នាំមកហើយ នៅលើផ្ទៃដីដែលទទួលបានសិទ្ធិ អភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល តាមលិខិតលេខ ១៧៩៣ សជណ ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០០៦ យើងបានចាប់ផ្ដើមរៀបចំ ជាប្រព័ន្ធធារាសាស្រ្ត ជាជំហានៗរហូតមកដល់ពេលនេះ ហើយបើទោះបីជាក្នុងឆ្នាំនេះ នៅទូទាំងប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវការខ្វះទឹក សម្រាប់ស្រោចស្រព ស្រូវក្នុងរដូវប្រាំងនេះក្ដី សម្រាប់ក្រុម​ហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍​ គឺមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព មានប្រឡាយមេសម្រាប់ចែកចាយទឹក គ្រប់ទីកន្លែង ហើយបងប្អូនប្រជាកសិករ ដែលធ្វើស្រែប្រាំងនៅក្បែរទីតាំងដី របស់ក្រុមហ៊ុន ក៏អាចប្រើប្រាស់ទឹកនេះ បានដែរ ។

លោកបានបន្ថែមទៀតថា នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍​ បានធ្វើការច្រូតកាត់ស្រូវពូជ ស្ទើរតែហើយ១០០%ទៅហើយ ។ ជាមួយគ្នានេះ បន្ទាប់ពីច្រូតកាត់​ស្រូវ​ពូជនេះចប់រួចរាល់ ក្រុមហ៊ុននឹងបន្តធ្វើជំហានទី២បន្ថែមទៀត ដោយសារតែទឹករបស់យើងមានគ្រប់គ្រាន់ លើផ្ទៃដីដែលយើងធ្លាប់ដាំដុះ ប្រមាណ៧ឆ្នាំមកហើយ ចំនួនជាង១០០០ហិចតា ។ ដោយឡែក ​បើសិនជាបងប្អូនប្រជាកសិករ ដែលមានទីតាំងស្រែប្រាំង នៅក្បែរទីតាំងដីរបស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍កសិកម្ម ចង់ធ្វើការបង្កបង្កើនផល ស្រូវប្រាំងនៅជំហានទី២បន្ថែមទៀត គឺក្រុមហ៊ុនមានទឹកគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះស្រូវ របស់ពួកគាត់ មិនឲ្យមានភាពភ័យព្រួយ ហើយការជួយទឹកនេះ គឺអាចនិយាយបានថា ជាប្រពៃណីជារៀងរាល់ឆ្នាំទៅហើយ របស់ក្រុមហ៊ុន ដែលបានផ្ដល់ជូនដល់កសិករ។

សូមបញ្ជាក់ថា រឿងរ៉ាវក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែលទទួលបានសិទ្ធិវិនិយោគ ដីសម្បទានសេដ្ឋកិច្ចដំណាំស្រូវ ពីរាជរដ្ឋាភិបាល មានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល លើផ្ទៃដី១៦៩០ហិកតា តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ ភាគីក្រុមហ៊ុន ហាក់នៅតែមិនទាន់ បានសិទ្ធិធ្វើការអភិវឌ្ឍន៍ ដោយរលូន ទៅតាមគម្រោងរបស់ខ្លួន នៅឡើយទេ ដោយសារតែមានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួន ឃុបឃិតគ្នាធ្វើ របាយការណ៏រាយការណ៍ភូតកុហក ទៅថ្នាក់ដឹកនាំ ព្រោះតែពួកគេចង់ទាមទារ ផលប្រយោជន៍ ពី​ក្រុមហ៊ុនក្នុងទំហំមួយ ដែលភាគីក្រុមហ៊ុន មិនមានលទ្ធភាព និងមិនអាចដោះស្រាយ តាមសំណូមពររបស់ពួកគេបាន។

ជាក់ស្ដែងនៅពេលថ្មីៗនេះ ខណៈក្រុមហ៊ុនបានបង្កបង្កើនផលស្រូវ ទៅតាមគម្រោង និងផែនការអភិវឌ្ឍន៍របស់ខ្លួន ជាជំហានៗដោយមិនមានបញ្ហាអ្វីជា ដុំកំភួនជាមួយប្រជាពលរដ្ឋផងនោះ ស្រាប់តែមានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួន ធ្វើសកម្មភាពបំភ្លៃការពិតថា ក្រុមហ៊ុននៅមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋមិនទាន់ដោះស្រាយចប់ ចោទក្រុមហ៊ុនមិនបានអនុវត្ត ទៅតាមគម្រោងអភិវឌ្ឍន៍ រួមទាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹក របស់ក្រុមហ៊ុន ដើម្បីស្រោចស្រពដំណាំស្រូវ របស់ពួកគាត់ទៅវិញ។

ការធ្វើរបាយការណ៍ភូតភថ្នាក់ដឹកនាំ ដែលនាំឲ្យមានការសម្រេចខុសប៉ះពាល់ ដល់ផលប្រយោជន៍ក្រុមហ៊ុន ព្រោះតែមានឈ្មួញទុច្ចរិតមកពី ក្រៅភូមិសាស្ត្រ នៅពីក្រោយខ្នងក្នុងរឿងជម្លោះដីធ្លី នាពេលកន្លងមក និងការបាត់បង់ផលប្រយោជន៍របស់ខ្លួន រួមទាំងសាច់ញាតិបក្ខពួក រហូតដល់រាជរដ្ឋាភិបាល សម្រេចចេញ ស.ជ.ណ ថ្មីមួយទៀត កាល​ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងទៅ​នេះ ដោយយោងតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើរបាយការណ៍ របស់អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ​ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់ផលប្រយោជន៍ក្រុមហ៊ុន ជាពិសេសប៉ះពាល់ដល់ការ នាំអង្ករចេញ ទៅកាន់ទីផ្សារក្រៅប្រទេស តាមគោលនយោបាយ របស់រាជរដ្ឋភិបាល ឲ្យបាន១លានតោនក្នុង១ឆ្នាំ។

ដើម្បីលើកទឹកចិត្ត និងការពារដល់ក្រុមហ៊ុនស្របច្បាប់ ក្រុមហ៊ុនគោរពច្បាប់ ដែលខិតខំធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកឧកញ៉ា ឌីប៉ូ ដែលជាប្រធានក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ទទួលបានសិទ្ធិអភិវឌ្ឍន៍ លើផ្ទៃដី ១,៦៩០ហិកតា នៅឃុំកំពង់អុស ហើយកន្លងមកធ្លាប់រងគ្រោះ ជាបន្តបន្ទាប់ដោយសារតែឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួនតូច ឃុបឃិតគ្នានោះ បានសំណូមពរសូម ឲ្យសម្ដេចតេជោ មេត្តាបង្កើតគណៈកម្មការ ពិសេសមួយ ដើម្បីចុះត្រួតពិនិត្យ ស្វែងរកការពិតដល់ទីតាំងដី ទំនាស់ជាក់ស្ដែងសារជាថ្មី ព្រោះបច្ចុប្បន្នក្រុមហ៊ុន បានអនុវត្តទៅតាម គោលការណ៍ របស់រាជរដ្ឋាភិបាល ដូចជា សម្របសម្រួលទិញដី ពី​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកាន់កាប់ជាក់ស្ដែង មិនឲ្យមានទំនាស់តទៅទៀត ។

ដីប្រជាពលរដ្ឋដែលមិនព្រមលក់ដូរ ក្រុមហ៊ុនបានអនុវត្តតាមរូបមន្ត ឆ្កៀលស្បែកខ្លា។ ក្រៅពីនេះក្រុមហ៊ុន បានអភិវឌ្ឍន៍ឈូសឆាយជីកប្រឡាយ ធ្វើអាងស្តុកទឹក ស្រោចស្របធ្វើស្រែប្រាំង លើផ្ទៃដី​ដែលមិនមានទំនាស់ បានជាង ៨០០ហិកតា រួមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋ ជាម្ចាស់ស្រែ ប្រើប្រាស់ទឹករបស់ក្រុមហ៊ុន បូមដាក់ស្រែដោយមិនយកលុយទៀតផង ហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏មិនមានបញ្ហាអ្វី ជាមួយក្រុមហ៊ុនទៀតដែរ លើកលែងតែឈ្មួញខិលខូច ពីខាងក្រៅមួយចំនួន ដែលឆក់ឱកាសទៅទិញដីទុកលក់យកចំណេញ នាពេលកន្លងមក ដែលនៅបន្តតាមឆាឆៅ និងភូតភរថ្នាក់ដឹកនាំ ឲ្យយល់ខុសតែប៉ុណ្ណោះ៕

លោក តាំង សុខឃី ជំនួយការលោកឧកញ៉ា ឌី ប៉ូ និងជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន