(ភ្នំពេញ​)៖ លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ សម្រេច​ដោះលែង​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តាម​សំណើ​របស់​មេធាវី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អាត់​ ធន់​ ប្រធានសហភាពការងារកម្ពុជា។ ទោះបី​យ៉ាងណា​ ពួកគេ​ទាំងពីរ​នាក់​ ត្រូវ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​។

ជនត្រូវចោទ​ទាំងពីរ​នាក់​មាន​ឈ្មោះ​ ណន​ វណ្ណា​ អាយុ​៣៨ឆ្នាំ​ មុខ​របរ​ជា​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ មាន​ទីលំនៅ​ផ្ទុះ​ជួល​ ផ្លូវ​លំ​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ និង​ ឈ្មោះ​ រស់​ ស៊ី​ផៃ​ អាយុ​៣៣ឆ្នាំ​ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ មាន​ទីលំនៅ​ផ្ទុះ​លេខ​៥៨០​ ផ្លូវ​ឡកំបោ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ព្រែកព្នៅ​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធបទប្រឆាំង នឹងអ្នករាជការសាធារណៈ និងបទរារាំង ជាឧបសគ្គដល់ចរាចរណ៍ សាធារណៈ ប្រព្រឹត្តនៅចំណុច មុខក្រុមហ៊ុនកាពីតូល ក្នុងខណ្ឌ៧មករា កាលពីថ្ងៃ ទី៦ ខែកុម្ភៈ តាម បញ្ញត្តិ មាត្រា ២១៨ មាត្រា ៥០៤ នៃ ក្រម ព្រហ្មទណ្ឌ និង មាត្រា៨០ នៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។

ពួកគេ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ឆែល​ វណ្ណ​ណេង​ អាយុ​២៣ឆ្នាំ​ ជា​នគរបាល​ប៉ុស្តិ៍​វាលវង់​ និង​ ឈ្មោះ​ អ៊ូ​ ពៅ​ អាយុ​៤២ឆ្នាំ​ ជា​អធិការ​រង​នគរបាល​ខណ្ឌ​៧មករា​ ៕