(តាកែវ)៖ ស្រ្តីខ្មែរ៤នាក់ ដែលជាកូនប្រពន្ធ របស់អ្នកមានមុខមាត់ នៅក្នុងខេត្តតាកែវ ត្រូវបានទាហានព្រំដែនវៀតណាម ចាប់យកទៅឃុំខ្លួន រយៈពេល៩ថ្ងៃ ដោយចោទប្រកាន់ពីបទចូល ប្រទេសវៀត​ណាម​ដោយខុសច្បាប់ និងនាំលុយឆ្លងដែន ត្រូវបានអាជ្ញាធរវៀតណាម សម្រេចដោះលែងឲ្យត្រលប់​មកផ្ទះវិញហើយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានការ​អន្តរាគមន៍ពីអាជ្ញាធរខេត្ត និងពី​មន្រ្តីនគរបាលជាន់ខ្ពស់ របស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ។

តាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដែលផ្ញើទៅអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្រ្តីខ្មែរទាំង៤នាក់ ដែលរស់នៅក្នុងខេត្តតាកែវ ត្រូវបានអាជ្ញាធរខេត្​តអានយ៉ាង នៃប្រទេសវៀតណាម បានសម្រចដោះ​លែងជា​បណ្ដោះអាសន្ន ហើយពួកគេទាំង៤នាក់ បានធ្វើដំណើរ​មកដល់​កម្ពុជាវិញ តាមច្រកទ្វារ​ព្រំដែន​អន្តរជាតិភ្នំដិន នៅវេលាម៉ោង​៤៖៣០​នាទីរសៀល​។

ស្នងការដ្ឋាននគបាលខេត្តតាកែវ បានបន្តថា បើទោះបីជាត្រូវបាន​ដោះ​លែងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទ្រព្យសម្បត្តិ​ដែលមានលុយ​ជិត១ពាន់លានដុង និងសម្ភារៈជាគ្រឿងអលង្ការមួយចំនួនទៀតនោះ អាជ្ញាធរវៀតណាមមិន​បានប្រគល់ឲ្យស្រ្តីខ្មែរ​ទាំង៤នាក់ ខាងលើនៅឡើយទេ ដោយអាជ្ញាធរ​វៀតណាម​រង់ចាំ ការបញ្ចប់និតិវិធីរួចរាល់សិន ទើបប្រគល់ឲ្យនៅពេលក្រោយ។

សមត្ថកិច្ចច្រកទ្វារភ្នំដិន ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលអាជ្ញា​ធរវៀតណាម ចាប់ស្រ្តីខ្មែរទាំង៤នាក់ខាងលើ គឺមកពីស្រ្តីខ្មែរ​ទាំង៤នាក់ បាននាំលុយឆ្លងដែន ចូលទៅប្រទេស​វៀតណាម ក្នុងចំនួនច្រើនលើសលប់ ពោលគឺគេបានឆែកឃើញលុយចំនួន ប្រមាណ១ពាន់លានដុង «៥ម៉ឺនដុល្លារ» និងគ្រឿងអលង្ការមួយចំនួនទៀត។ បើតាមច្បាប់វៀតណាម គឺគេអនុញ្ញាត​ឲ្យនាំលុយចូលស្រុក​គេតែ១០០លានដុង «៥ពាន់ដុល្លា» តែប៉ុណ្ណោះ ហើយអ្នកនាំចូលលុយនេះ ត្រូវតែមានលិខិតឆ្លងដែន និងត្រូវតែជូនដំណឹងដល់គយវៀតណាមផងដែរ។

គួរបញ្ជាក់ថា ស្រ្តីខ្មែរទាំង៤នាក់ ដែលជាកូនប្រពន្ធអ្នកមានមុខមាត់ នៅក្នុង​ខេត្តតាកែវ ខាងលើត្រូវ​បានអាជ្ញាធរ​វៀតណាម ធ្វើការឃាត់ខ្លួនកាល​ពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារ​ទឹកកំពង់ក្រសាំង-​យានដុង ស្រុកអាងភូ បន្ទាប់ពីពួកគេទាំង​៤នាក់ បានធ្វើដំណើរតាម​ទូកឆ្លង ចូលទៅប្រទេស​វៀតណាម ដោយមានគ្រឿង​អលង្ការ និងលុយដុង​មួយ​ចំនួនធំផងដែរ៕