(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង បានក្រើនរំឮកដល់ប្រជាពលរដ្ឋចំនួន៨៣១គ្រួសារ នៅស្រុកគីរីសាគរ និងស្រុកបូទុមសាគរ ដែលទទួលបានដំណោះស្រាយគោលនយោបាយដីធ្លី ពីរាជរដ្ឋាភិបាលរួចហើយ ព្រមទាំងសូមកុំឱ្យលក់ ដូរ និងឈប់ចូលកាប់ទន្ទ្រានដីព្រៃឈើបន្តទៀត នាំឱ្យប្រឈមមុខនឹងផ្លូវច្បាប់។

ប្រជាពលរដ្ឋចំនួន៨៣១គ្រួសារ ដែលទទួលផលប៉ះពាលដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ត្រូវបានដោះស្រាយគោលនយោបាយដីធ្លីពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីទទួលយកលេខរៀង ក្នុងការទទួលទីតាំងដីឡូតិ៍ របស់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន យូញៀនកន្លងមក ស្ថិតស្រុកចំនួន២ ស្រុកគីរីសាគរ និងស្រុកបូទុមសាគរ ខេត្តកោះកុង មានពលរដ្ឋសរុបចំនួន ៨៣១គ្រួសារ។

ការចាប់ឆ្នោតទទួលលេខរៀងដីឡូតិ៍ ដោយមានការចូលរួមក្រោមវត្តមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សុខ សុទ្ធី អភិបាលរងខេត្ត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី, អាជ្ញាធរស្រុកបូទុមសាគរ និងស្រុកគីរីសាគរ រួមនឹងគ្រប់ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោក សុខ សុទ្ធី បានឱ្យដឹងថា៖ «ក្រោយពីមានការសម្របសម្រួលដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដែលមានដីទំនាស់ផលប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ចំនួន២គឺ៖ ស្រុកបូទុមសាគរ និងស្រុកគីរីសាគរនោះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិ និងអាជ្ញាធរខេត្តបានធ្វើការសម្របសម្រួលដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរៀបចំការចាប់ឆ្នោតយកទទួលលេងរៀងទីតាំងដីឡូតិ៍ ជូនប្រជាពលរដ្ឋដែលពួកគាត់យល់ព្រមក្នុងការសម្របសម្រួលនៅពេលនេះចំនួន ៨៣១គ្រួសារ ដោយមានការយល់ស្របព្រមគ្នាក្នុងការចាប់ឆ្នោត ទទួលយកទីតាំងដីឡូតិ៍ជាកម្មសិទ្ធិស្របច្បាប់ទាំងអស់គ្នាក្នុងទំហ៊ុដី ក្នុងគ្រួសារចំនួន ១ហិកតា»

លោក សុខ សុទ្ធី បានបន្តថា «នៅពេលបងប្អូនទទួលបានការសម្របសម្រួលពីអាជ្ញាធរជាតិ និងអាជ្ញាធរខេត្តបានដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយ គឺអាជ្ញាធរហាមមិនឱ្យលក់ទៅឈ្មួញឡើយ ស្ថិតក្នុងរយៈពេល៥ឆ្នាំ គឺត្រូវរក្សាទុកគ្រប់គ្រងដោយខ្លួនឯងធ្វើរបងដាំដំណាំកសិកម្ម អាស្រ័យផលក្នុងគ្រួសារ បើយើងមានដីជាកម្មសិទ្ធិស្របច្បាប់ ហើយបងប្អូនត្រូវចេះថែរក្សាវាកុំឱ្យបាត់បង់ទៀត។ សូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការលួចកាប់ទន្ទ្រានដីព្រៃ ជាសម្បត្តិរបស់រដ្ឋបន្តទៀត វានាំមកនៅបញ្ហាប្រឈប់ជាមួយផ្លូវច្បាប់ទៀតផង»

ជាមួយគ្នានេះដែរ លោកអភិបាលរង បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៨៣១គ្រួសារ ដែលមកចាប់លេខរៀងទទួលដីឡូតិ៍១ហិកតាក្នុង១គ្រួសារនេះ គឺគោលការណ៍ដោះស្រាយបន្ថែមជូនពួកគាត់ទេដែលដោះដូររយៈពេលកន្លងមកគាត់បានទំហ៊ុតូចពេក គឺក្នុង១គ្រួសារ ដូច្នេះ រាជរដ្ឋាភិបាលបានដោះស្រាយជូនពួកគាត់១ហិកតាទៀត។

ពលរដ្ឋដែលទទួលការសម្របសម្រួលដោះស្រាយផលប៉ះពាល់រវាងក្រុមហ៊ុនយូញៀន បានឱ្យដឹងថា ពួកគាត់សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានសម្របសម្រួលដោះស្រាយដីរបស់ពួកគាត់ដែលមានផលប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀនរាប់ឆ្នាំហើយ អីឡូវត្រូវបានដោះស្រាយជូនពួកគាត់បានដីរស់នៅវិញ ដើម្បីធ្វើដំណាំកសិកម្ម និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់គ្រាន់ពេញលេញដោយមិនមានការភិតភ័យទៀតឡើយ៕